ថ្នាំរបស់​​ខ្ញុំ​នៅឯណា?

ឱសថ​គឺ​ជា​ផ្នែក​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ព្យា​បាល​ជំងឺ ចុះ​បើ​មាន​តែគ្រូ​ពេទ្យ​ ហើយ​ខ្វះ​ខាតឱសថ​និង​បរិក្ខា​​វិញ​ តើ​គុណ​ភាព​នៃ​ការ​ព្យាបាល​នឹងទៅ​ជា​យ៉ាង​ណា?

មិន​មាន​អ្វី​ពិ​បាក​ឆ្លើយ​នោះ​ទេ អ្នក​ដែល​មាន​លុយ​ត្រូវ​ទៅ​ព្យា​បាល​នៅ​ក្រៅ​ប្រទេស ឬ​ជ្រើស​រើស​ក្លីនិក​ឯក​ជន​ដើម្បី​ព្យាបាល ចំណែក​អ្នក​ដែល​មិន​មាន​ជម្រើស​ត្រូវ​ស្វែង​រក​សេវា​សុខាភិបាល​ដែល​ដំណើរ​ការ​ដោយ​រដ្ឋ។ ជា​រឿយៗ នៅ​ពេល​ដែល​ចូល​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ឬ​មណ្ឌលសុខភាព​ អ្នក​ជំងឺ​ទាំងអស់​តម្រូវ​ឲ្យ​បង់​ប្រាក់​ជា​មុន​សិន រួច​អង្គុយ​រង​ចាំ។ ពេល​ពិនិត្យ​រួច ពេទ្យ​ចេញ​វេជ្ជ​បញ្ជាទៅ​ឱសថ​ស្ថានដើម្បី​បើក​ថ្នាំ អ្នក​​បើក​ថ្នាំ​ផ្តល់​ថ្នាំ​តិច​តួច​ប៉ុណ្ណោះ ហើយ​តម្រូវ​ឲ្យ​អ្នកន​ជំងឺ​ទិញ​ថ្នាំ​នៅ​ខាង​ក្រៅ​បន្ថែម (ពេទ្យ​ខ្លះ​ប្រាប់​ទាំងឈ្មោះ​កន្លែង​លក់​ថ្នាំ​ដែល​ត្រូវ​ទៅ​ទិញ​ផង ព្រោះ​មាន​តែ​នៅ​ទី​នោះ​ទេ ទើប​មាន​ថ្នាំ​ប្រភេទ​ហ្នឹង) ដោយ​ប្រាប់​ថា​អត់​មាន​ថ្នាំ។

Ferreស្រប​ពេល​ដែល​ថ្នាំ​ប្រភេទ​ហ្នឹង​គ្មាន​នៅ​ឃ្លាំង​ឱសថ គេ​សង្កេត​ឃើញ​ថ្នាំ​ទាំង​នោះ​មានវត្ត​មាន​​លក់​នៅ​លើ​ទី​ផ្សារ​ទៅ​វិញ ហេតុអ្វី​បាន​ជា​ថ្នាំ​ទាំង​នោះ​ហោះ​ទៅ​នៅ​ទី​ផ្សា​រ​បាន? អ្នក​លក់​ថ្នាំ​ទាំងអស់​បាន​ប្រាប់​ថា ទិញ​ពី​គេ​ តើ​គេ​ជា​នរណា? គ្មាន​នរណា​ឆ្លើយ​បាន។ ឧទាហរណ៍​ ថ្នាំ​ប្រភេទ Ferrous Sulfate+ ដែល​ស្គាល់​ថា​ ថ្នាំ​ជាតិដែក។ ថ្នាំ​នេះ​ត្រូវផ្តល់​ជូន​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ អ្នក​ដែល​បាត់​បង់​គ្រាប់​ឈាម​ក្រហម អ្នក​ស្លេក​ស្លាំង ហើម ឬ​អ្នកដែល​មានគ្រាប់​ឈាម​ស​ច្រើន​ជាង​គ្រាប់​ឈាម​ក្រហម​… គ្មាន​នៅ​តាម​មណ្ឌល​សុខ​ភាព​ទេ រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ អ្នក​ធ្វើ​ការ​នៅ​តាម​មណ្ឌល​សុខភាព​ត្រូវ​ស្វែង​រក​ទិញវា​នៅ​លើ​ទី​ផ្សា​រ ក្នុង​តម្លៃ​ប្រមាណ ៥ ទៅ ៧​ដុល្លា ក្នុង​មួយ​ដប​ដែល​មាន​ចំនួន​១០០០​គ្រាប់។

 

តើ​នរណា​ខ្លះ​ទទួល​ខុស​ត្រូវដោះ​ស្រាយ​បញ្ហា​នេះ?

១. លោករដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាលគួរតែ​ចាត់​វិធាន​ការ​ជាក់ស្តែង​បន្ទាន់​ ដើម្បី​ទប់​ស្កាត់​ស្ថាន​ភាព​អាក្រក់​ទាំង​នេះ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​ឱសថស្ថាននិង​គ្លីនិក​ឯកជន​ទាំងអស់​នឹង​មិន​មាន​វត្តមាន​ឱសថ​ទាំងនេះ

២. ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​​រលួយ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​ចំពោះភាព​មិន​ប្រក្រតី​នេះ ហើយ​ដាក់​ទោស​ឲ្យ​បាន​ធ្ងន់​ធ្ងរ​ចំពោះ​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​សង្វាក់​នៃ​ការ​លួច​ជាតិ​នេះ​

៣. ពល​រដ្ឋ​ទាំងអស់​គួរតែ​រាយការណ៍​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ករណី​ឃើញ​នរណា​ម្នាក់​លក់​ឱសថ​ដែល​បិទ​ស្លាក​ហាម​លក់​នៅ​លើ​ទី​ផ្សា​រ។

៤. សង្គម​ស៊ីវិល​គួរ​តែ​បង្កើត​លេខ​ទូរស័ព្ទ​ទាក់​ទង​បន្ទាន់​មួយ​សម្រាប់​ទទួល​ព័ត៌មាន​ទាំងនោះពី​អ្នក​ផ្តល់​ព័ត៌មាន ហើយ​ត្រូវ​ប្រាកដ​ថា​បញ្ហា​ទាំង​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។