ជំងឺ​អាត្មា​និយម

Cartoon-Hole in the boatជំងឺ​អាត្មានិយ​ម​បាន​ចាក់​ឬសគល់​យ៉ាង​ជ្រៅ​ក្នុង​ស្រទាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ យើង​អាច​មើល​ឃើញ​តាម​រយៈ​ការ​ប្រតិបត្តការងារ​ប្រចាំថ្ងៃ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យើង​សង្កេត​ឃើញ​ថា​ ភាព​អាត្មានិយម​កាន់​តែ​អាក្រក់ទៅ បើ​ទោះ​បី​ជា​យើង​ឃើញថា​មាន​ការ​ជួយ​គ្នា​ខ្លះ​ក្នុង​សង្គមក៏ដោយ។ ជំងឺ​អាត្មានិយម​នេះ​បាន​រីក​រាល​ដាល​ដល់​​បក្ស​ ដល់​រដ្ឋា​ភិបាល វិស័យឯកជន​ និង​ជា​ពិសេស​គឺ​សង្គម​ស៊ីវិល​។

១. ជំងឺអាត្មា​និយម​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​តែងតែ​មាន​ទស្សនៈ​ថា “ងាប់​អាណាងាប់​ទៅ​កុំឲ្យ​តែ​ងាប់​អញនិង​ក្រុម​គ្រួសារ​អញ” យើង​អាច​សង្កេត​ឃើញ​តាម​រយៈ​ការ​លក់ដូរ​ចំណី​ប្រចាំថ្ងៃ​​(ប្រើប្រាស់​ផលិតផលគ្មាន​គុណ​ភាព​ លៀង​សម្អាត​បន្លែមិន​បាន​ស្អាតល្អ​ ប្រើ​ប្រាស់សារធាតុ​គីមី​ជំនួស…) ការ​ដាំ​ដំណាំឬ​ចិញ្ចឹម​សត្វសម្រាប់លក់ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ (បើក​បរ​បញ្ច្រាស់​ទិស មិន​គោរព​ស្លាកសញ្ញា ភ្លើង​សញ្ញា រុល​ទៅ​មុខ​មិនខ្វល់​ពី​អ្នកដទៃ​ ពេល​មាន​គ្រោះ​ថ្នាក់​មិន​ទទួល​ទទួល​ខុស​ត្រូវ​…) ការ​រំលោភ​យក​ដី​ កាប់​ព្រៃ​ឈើ កេង​ប្រវ័ញ្ច ឈ្នានីស រំលោភ​លើ​ចំណី​ថ្នល់ បោក​បន្លំ ពុករលួយ​…។ល។ ទាំងនេះ​ធ្វើឡើង​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​របស់​ខ្លួន។

 

២. ជំងឺ​អាត្មានិយម​កើត​ចេញ​ពី​រដ្ឋា​ភិបាល និង​បក្ស​នយោបាយ

ចំពោះ​រដ្ឋាភិបាល​វិញ​ក៏មិន​ណយ​ដែរ​ គឺ​ធ្វើ​អ្វី​ៗទាំងអស់ដើម្បី​តែ​ខ្លួន​ឯង​ជា​ពិសេស​គឺ​សម្រាប់​មនុស្ស​ដែល​ដឹក​នាំ​ស្ថាប័ន​ ជាក់​ស្តែង​ដូច​ជា​ការ​កសាងហេដ្ឋារចនា​សម្ព័ន្ធ​ ការ​ដោះ​ដូរ​ទីតាំង​របស់​រដ្ឋ ការ​តាកតែង​ច្បាប់ និទណ្ឌ​ភាព…។ ឧទាហរណ៍៖ ធ្វើ​ផ្លូវ​មួយ​ខ្សែ​ ដាក់​សួន​ច្បារ​កណ្តាល​ផ្លូវដ៏ធំ សំណួរសួរ​ថា​នរណា​ដើ​រ​លើ​សួន​ច្បារ​កណ្តាល​ផ្លូវ​នេះ​? ចម្លើយ​គឺ ដើម្បី​សោភ័ណ្ឌ​ភាព​ទីក្រុង​ឬ​តាម​ដង​ផ្លូវ តែ​ចម្លើយ​ជាក់លាក់​គឺ ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ថ្លៃ​ដាក់​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ផ្លូវ​នេះ។ យើងអាច​មើល​ឃើញ​នូវ​ទិដ្ឋ​ភាព​ផ្លូវ​៣០ម៉ែត្រ​ក្នុង​ខេត្ត​សៀម​រាប ទំហំ​សួន​ច្បារ​កណ្តាល​ផ្លូវ​ប៉ុនគ្នា​នឹង​ទំហំ​ទ្រូង​ផ្លូវ​សម្រាប់​បើក​បរ។ នៅ​លើ​សួន​នោះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​អាចម័​ឆ្កែ​និង​សម្ភារៈរបស់​ពល​រដ្ឋ​ដែល​រស់​តាម​ដង​ផ្លូវ​នោះ​ដាក់​ហាល​ទេ។ ផ្លូវ​វ៉េងស្រេង​ សួន​ច្បារ​កណ្តាល​ទ្រូង​ផ្លូវ​អាច​បើក​រថ​យន្ត​ប្រភេទ​ទេសចរណ៍​បា​ន​មួយ​គ្រឿង​…។ ពេលខ្លះ​ អ្នក​ដឹកនាំ​យក​មុខ​យក​មាត់​ពី​ពល​រដ្ឋខ្លួន​ដើម្បី​តែ​អំណាច​ខ្លួន​ឯង​ប៉ុណ្ណោះ។ ឩទាហរណ៍៖ ករណី​កញ្ញា សាសា អ្នក​ដឹកនាំ​កំពូល​ៗនាំគ្នា​អន្តរាគម​ឲ្យជន​ល្មើស​ចេញខ្លួន​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ តែ​ករណី​ផ្សេងទៀត​លំនាំ​គ្នា​ហ្នឹង​ដែរ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដូចជា​ករណី​ អ្នក​ស្រី​ ពិសិដ្ឋ ពិលីកា ទូច​ ស្រីនិច្ច ពៅ​ បញ្ញាពេជ្រ សកម្ម​ជន​ជា​ស្ត្រី​នៅបឹងកក់ កម្មកររោងចក្រ​ដែល​ឈូក​ បណ្ឌិត​ បាញ់ជាដើម។

ងាក​មក​គណបក្ស​នយោបាយ​វិញ គណ​បក្សខ្លះ ដើម្បី​ក្រុម​ខ្លួន​បាន​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ ធ្វើ​ប្រជា​ភិថុត​ រៃ​អង្គាសប្រាក់ ជេរ​រាស្ត្រ ​មិន​គោរព​តាម​ការ​សន្យា កេង​ប្រវ័ញ្ច​ពី​រាស្ត្រ​ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​តែ​ខ្លួន​និង​បក្ស​ពួក​ខ្លួន​។ ​ពេល​ខ្លះ​ពួក​គេ​និយាយ​តែ​ល្អ​ពី​ខ្លួនឯង ចំណែក​អ្នក​ដទៃ​ខុស​ទាំងអស់។ ដើម្បី​មុខ​មាត់​សុខ​ចិត្ត​ក្លាយ​ជាឃាតករ ឬ​បំបិតសេរី​ភាព​របស់​អ្នក​ដទៃ ឬ​រាយការណ៍​បំផ្លើស​ការពិត ឬរាយការណ៍​គ្មាន​សល់អ្វី​ទាំងអស់។

៣. អង្គការ​មិន​មែន​រដ្ឋាភិបាល

អង្គការ​មិនមែន​រដ្ឋាភិបាល​ច្រើន​ជា​ង​២០០០​បាន​ចុះ​ឈ្មោះ​ និង​កំពុង​ដំណើរក្នុង​ប្រទេស។ ក្រៅ​ពី​បំពេញ​កាតព្វកិច្ច​មនុស្ស​ធ៌ម ការអភិវឌ្ឍ អប់រំ និង​តស៊ូមតិ… អង្គការ​/សមាគម​ខ្លះ​បាន​ចូល​រួម​កិច្ច​ការ​បក្ស​នយោបាយ​ ដើម្បី​លាភ​សក្ការៈ។ អង្គការ​/សមាគម​មួយចំនួន​បាន​កិប​កេង​ជំនួយ​ដែល​ផ្តល់​ដល់​ក្រុម​គោល​ដៅ​ជា​ស្ត្រី កុមារ ចាស់ជរា អ្នក​ជំងឺ ឬ​អ្នក​រងគ្រោះ​ដទៃ​ទៀត។ អង្គការ/សមាគម​ខ្លះ​ទៀត ដើម្បី​ជំនួយ​ត្រូវ​ចេះ​ផ្តួល​អង្គការ​ផ្សេងទៀត​ដែល​មាន​សកម្ម​ភាព​ការងារ​ប្រហាក់​ប្រហែល​គ្នា​ ឬ​ត្រូវប្រឹង​ប្រែង​បង្ហាញ​ថា​ស្ថាប័ន​របស់​ខ្លួន​ល្អ​ជា​ស្ថាប័ន​ដទៃ ជា​ពិសេស​មិន​ចេះ​ជួយ​គ្នា​ពេល​ដែល​មាន​បញ្ហាកើតឡើង។

យើង​អាច​ក្រលេក​ទៅ​មើល​ ការ​តស៊ូមតិ​ចំពោះ​ច្បាប់​ស្តី​អំពី​អង្គការ​/សមាគម និង​ច្បាប់​សហជីព មាន​អង្គការ​មិន​ច្រើន​ទេ​ដែល​ឈឺ​ឆ្អាល​នឹង​រឿង​នេះ​ ជាពិសេស​អង្គការ​ដែល​ធ្វើ​ការ​រឿង​សិទ្ធិមនុស្ស​ បរិស្ថាន ការ​តស៊ូមតិ ច្បាប់ ព្រៃ​ឈើ និងអង្គការ​សហគម​មួយ​ចំនួន ចំណែក​អង្គការ​ដែល​បម្រើ​ក្នុង​វិស័យ​សុខភាព​និង​ការ​អភិវឌ្ឍ​ដេក​លក់​អស់គ្នា​អើ​ពើ។ មាន​ប្រធាន​អង្គការ​មួយ​ប្រាប់​យើង​ថា វា​មិន​ប៉ះ​ពាល់​ដល់​ស្ថាប័ន​គាត់​ទេ ព្រោះ​គាត់​ធ្វើ​ការ​អប់​រំ​តែ​សុខភាព​និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​រក​សេវា​ អ្នក​ដែល​ប៉ះពាល់​ខ្លាំង​នាំ​គ្នា​ធ្វើ​ទៅ​ ព្រោះ​វា​ជា​រឿង​របស់​ពួក​គេ។

កាល​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​ការ​សម្លាប់​លោក ឈុត វុទ្ធី មាន​អង្គការ​ជា​ច្រើន​គេ​សម្តែង​ការ​មិន​ពេញ​ចិត្ត​និង​ថ្កោល​ទោស​ដល់​ជន​ដៃ​ដល់និង​អ្នកបញ្ជា ពេលនោះមាន​ប្រធាន​សម្ព័ន្ធ​អង្គការ​មួយ​ដែល​ធ្វើ​ការងារ​ផ្តោតលើ​ជំងឺ​អេដស៍​ បន្ទាប់​ពី​ទទួល​បាន​សំណើរ​ពី​សមាជិកនិងអ្នកពាក់​ព័ន្ធ​​ថា វា​មិន​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​អេដស៍​នេះ​ទេ រឿង​នេះ​គួរតែ​អង្គការ​សិទ្ធិ​មនុស្ស​ជាអ្នក​ធ្វើ​ទៅ​បាន​ហើយ ចាំ​ពេល​ណា​អ្នក​ជំងឺអេដស៍​គ្មាន​ថ្នាំ​ផឹក គ្មាន​បាយ​ហូប​ទើប​វា​ជាការ​ងារ​របស់​ពួក​យើង។

៤. វិស័យ​ឯកជន​

ដើម្បី​សម្រេច​គោល​ដៅ​អាជីវកម្ម​របស់​ខ្លួន អ្នក​វិនិយោគ​ខ្លះ​មិន​ខ្វល់​ពី​សុខ​ភាព​ប្រជាជន មិន​ខ្វល់​ពី​ផល​ប៉ះពាល់សង្គម​អ្វីឡើយ។ ក្រុម​ហ៊ុន​ស្រា​បាន​ផ្សព្វ​ផ្សាយ​ដល់​អតិ​ថជន​របស់​ខ្លួន​អំពី​រង្វាន់​ដែល​បាន​មក​ដោយ​ងាយ ចំណែកពល​រដ្ឋ​ខ្មែរ​ដែល​ខ្វះ​ការពិចារណា​ខំ​នាំ​គ្នា​ផឹក​ដើម្បី​រង្វាន់ ផល​ប៉ះពាល​បាន​កើត​ឡើង​ដូច​ជា​ គ្រោះ​ថ្នាក់​ចរាច​រ​ រលៀក​ក្រពះ ពោះ​វៀន ហឹង្សា​ក្នុង​គ្រួសារ ចាប់រំលោភ…។ ក្នុង​ករណី​ខ្លះ អ្នក​វិនិយោគ​ទុន​ មិន​ខ្លាច​នឹង​រំលោភ​លើ​ច្បាប់​នោះ​ទេ​ ពួក​គេ​សុខ​ចិត្ត​ផ្តល់​លុយ​ទៅ​អ្នក​មាន​អំណាច​ការពារ​ផល​ប្រយោជន៍​របស់​ពួកគេ តែ​មិន​ផ្តល់​ប្រាក់​ខែ​សមរម្យ​សម្រាប់​កម្មករ​នោះទេ​។

 

ជំងឺអាត្មានិយម​នេះ​ អាច​រលត់​ទៅវិញ​បាន​លុះ​ត្រា​ណា​តែ​ខ្មែរ​ផ្លាស់​ប្តូរ​ការ​គិត ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ ហើយ​ច្បាប់​ត្រូវ​តាក់​តែង​ដើម្បី​មនុស្ស​គ្រប់គ្នា​មិន​មែន​សម្រាប់​ដាក់​ទោស​មនុស្ស​មួយ​ក្រុម​ណា​នោះ​ទេ។ ជា​រឿយៗ ការអប់រំ​គួរតែ​ត្រូវ​បាន​លើក​ស្ទួយនិង​ដាក់​បញ្ចូល​នូវ​កម្ម​វិធី​ល្អៗ ជា​គម្រូរ​សម្រាប់​មនុស្ស​ក្នុង​សង្គម​។ ប្រព័ន្ធផ្សព្វផ្សាយ​គួរតែ​បង្កើត​កម្ម​វិធី​អប់​រំ​ឲ្យ​បាន​ច្រើន​ជាងកម្ម​វិធី​កម្សាន្ត ឬផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ណាដែល​ប៉ះ​ពាល់​តម្លៃ​នៃ​ការ​រស់​នៅ​របស់​នុស្ស​។

Advertisements

អ្វី​ជា​ការ​ជួញ​ដូរ​មនុស្ស​?

ហេតុអ្វី​បាន​ជា​ការ​ជួញ​ដូរ​មនុស្ស​ជា​អំពើ​ខុស​ច្បាប់? ដោយ​សារ​តែ​អំពើនេះ​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ម៉្យាង​ទៀតមនុស្ស​មិន​មែន​ជា​កម្ម​សិទ្ធិរបស់​នរណា​ម្នាក់ រួម​ទាំង​ម្តាយ​ឳពុក ប្តីឬ​ប្រពន្ធ ម្ចាស់​បំណុល។

You-Can-Stop-Human-Trafficking-760x350ការជួញ​ដូរ​មនុស្ស​មាន​ន័យ​ថា ការ​ជ្រើស​រើស​ ដឹក​ជញ្ជូន ផ្ទេរ ផ្តល់​កន្លែង​លាក់​បំពួន ឬ​ការ​ទទួល​យក​មនុស្ស​ដោយមធ្យោបាយ​​គំរាម​កំហែង ឬ​ប្រើ​កម្លាំង ឬបង្ខិត​បង្ខំ តាម​រូប​ភាព​ផ្សេងៗ ដូច​ជា​ការ​ចាប់​ពង្រត់ ក្លែង​បន្លំ​ បោក​បញ្ឆោត​ រំលោភ​លើ​អំណាច ឬ​តួនាទី​លើ​ជន​ងាយ​ទទួល​រង​គ្រោះដោយ​ផ្តល់ និង​ទទួល​យក​លុយ​កាក់ ឬ​ផល​កម្រៃ​ផ្សេងៗ ដើម្បី​ឲ្យ​មាន​ការ​យល់​ព្រមពី​អ្នក​គ្រប់​គ្រង​នៃ​ជន​ណា​ម្នាក់ ក្នុង​គោល​បំណង​ធ្វើ​អាជីវកម្ម។ ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ត្រូវ​រាប់​បញ្ចូល ការ​ធ្វើ​អាជីវកម្ម​ពេស្យាចារ​លើ​អ្នក​​ដទៃ ឬ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​តាមរូប​ភាព​ផ្សេង​ទៀត ការងារ​ដោយ​បង្ខំ សេវា​ទាសភាព ឬ​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ភាព​ជា​អ្នក​បម្រើ​ដាច់​ថ្លៃ។

យោង​ទៅ​លើ​ពិធី​សារ​ប៉ាលេម៉ូ អាច​ទុក​ថា​ជា​អំពើ​ជួញ​ដូរ​មនុស្ស​បានលុះ​ត្រា​ណា​មាន​ធាតុផ្សំ​ចំនួន​បី គឺ៖ អំពើ គោលបំណង និង​មធ្យោបាយ។ អំពើ ជា​សកម្ម​ភាព​ជ្រើស​រើស ដឹក​ជញ្ជូន ផ្ទេរ លាក់​បំពួន នាំចេញ​ទាំង​ឆ្លងដែន ឬ​ក្នុង​ស្រុក ឬ​ស្ម័គ្រ​ចិត្ត ឬ​ចាប់​ពង្រត់…ជាដើម។ គោល​បំណង​ ដើម្បី​កេង​ប្រវ័ញ្ចលើ​មនុស្ស។ មធ្យោបាយ គឺសំដៅ​លើ​ត្រួតត្រា​លើ​មនុស្ស​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ហឹង្សា​ទៅ​លើ​ជន​រង​គ្រោះ។ ពេល​ខ្លះ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេឃុំឃាំងក្នុង​កន្លែង​បិទ​ជិត​ទេ តែ​ពួក​គាត់​ត្រូវ​បាន​គេ​គំរាម​កំហែង​ផ្លូវ​ចិត្ត ឧទាហរណ៍ អ្នក​អាច​ចាក​ចេញ​ពី​កន្លែង​នេះ​បាន តែខ្ញុំ​នឹង​សម្លាប់​ឳពុកម្តាយ ឬ​សាច់ញាតិ​របស់​អ្នក​ជា​ដើម។

នៅ​ក្នុង​ច្បាប់​ស្តី​ពី ការ​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ មាត្រា​១០ បាន​កំណត់នូវ​អំពើ​កេង​ប្រវ័ញ្ចរួម​មាន៖ ឈ្លានពានផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ស្មុំកូន ពេស្យាកម្ម រូបភាពនិងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ ពលកម្ម ឬ សេវាដោយបង្ខំ ​ទាសភាព ឬ ការអនុវត្តស្រដៀងគ្នា ការបញ្ចាំខ្លួនដោះបំណុល សេវភាពមិនស្ម័គ្រចិត្ត ពលកម្មកុមារ ការដកហូតសរីរាង្គ។

មនុស្ស​មួយ​ចំនួន​បាន​ចូល​រួមក្នុង​សង្វាក់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ដោយ​មិន​ដឹង​ខ្លួន​ អ្នក​ទាំង​នោះ​អាច​ជា៖ ម្ចាស់​សហគ្រាស អ្នក​ដែល​ស្វែង​រក​សេវា​ផ្លូវ​ភេទ អ្នក​ដែល​ឲ្យ​ទាន​ទៅ​កុមារ​ដែល​រងគ្រោះ​តាម​ដង​ផ្លូវ​ឬ​ភោជនីយ៍ដ្ឋាន និង​អ្នក​ដទៃ​ទៀត។ ឈ្មួញជួញ​ដូ​រ​មនុស្ស​អាច​ជា៖​ អ្នក​ស្គាល់​គ្នា សាច់​ញ្ញាត ម្តាយ​ឳពុក មិត្តភក្តិ សង្សារ អ្នក​ធ្វើ​ការ​ងារ​សង្គម​…​​​​ជា​ដើម។

ឧទាហរណ៍៖ ស្រ្តី​ម្នាក់​ដោយសារ​តែ​ភាព​ក្រ នាង​បាន​បញ្ជូន​​កូន​តូច​របស់​ខ្លូន​ឲ្យ​សុំ​ទានតាម​ដង​ផ្លូវ។ នេះ​ជា​អំពើជួញ​ដូរ​មនុស្ស​ ដោយ​សារ​តែ​ស្រ្តី​ម្នាក់​នោះ​បាន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កុមារ​ ហើយ​កុមារ​នោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​មិន​អាច​គេច​ចេញ​ពី​ការ​គ្រប់​គ្រង​ពី​ស្ត្រី​នោះ​បាន។

ខាងក្រោម​គឺ​ជា​ព័ត៌មាន​ខ្លះនៃ​ការជួញ​ដូរ​មនុស្ស​ជុំ​វិញ​ពិភពលោក៖

  • រៀងរាល់​៣០​វិនាទី​មាន​មនុស្ស​ម្នាក់​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​
  • ៩៩%​នៃ​ជន​រង​គ្រោះ​មិន​បាន​ត្រូវ​សង្គ្រោះ​ឡើយ​
  • មាន​មនុស្ស​ប្រមាណ​ពី​២ ទៅ​៤​លាន​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​ឆ្លង​កាត់​ព្រំដែន​ជា​រៀងរាល់​ឆ្នាំ
  • ការ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ប្រភព​នៃ​ចំណូល​ដ៏​ធំ​មួយ​នៃ​អង្គការ​ចាត់​តាំងឧក្រិដ្ឋកម្ម ដោយ​រួម​ទាំង​ការជួញ​ដូរ​អាវុធ​និង​គ្រឿង​ញៀន ដែល​មាន​ទឹក​ប្រាក់​សរុប ៩.៥ កោដ​ក្នុង​១ឆ្នាំ[1]
  • ភាគ​ច្រើន​លើស​លប់​នៃ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ស្រ្តី​ និង​កុមារ
  • គិត​ជា​មធ្យម​ស្ត្រី​រងគ្រោះ​ត្រូវ​គេ​ដាក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ជា​មធ្យម​២០​ដង​ក្នុង​មួយថ្ងៃ​
  • តាម​ការ​គណនា​របស់ CIA ឃើញ​ថា ជន​រងគ្រោះ​ជា​ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​គេជួញ​ដូរ​អាច​រកចំណូល​បាន​ប្រមាណ​២៥០០០០ ដុល្លាសហរដ្ឋ​អាមេរិក[2]
  • ​កុមារ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​ពី​ទី​ជន​បទ​ ដើម្បី​កេង​ប្រវ័ញ្ច​ក្នុង​វិស័យ​ការងារ​ដោះ​បំណុល កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ រៀបការ ការ​ស្មុំ​កូន​ដោយ​ខុស​ច្បាប់ និង​សុំ​ទាន
  • ក្មេង​ស្រី​ ដែល​ក្មេង​ស្រី​ខ្លះ​អាយុ​តិចជាង​១២​ឆ្នាំ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ផ្ទះ​បន កន្លែង​ម៉ាស្សា​ ពេស្យាចារ រង្គសាល​រាំស្រាត ឬ​ជា​កម្ម​វត្ថុនៃ​ការ​ផលិត​សម្ភារៈ​អាសអាភាស
  • កុមារ​មួយ​ចំនួន​ត្រូវ​ជ្រើស​និង​ជួញ​ដូរ​ក្នុង​ការ​ងារ​លក់​ទំនិញ​ឬ​សុំ​ទាន
  • កុមារ​សុំ​ទាន​ពេល​ខ្លះ​ត្រូវ​អ្នក​កេង​ប្រ​វ័ញ្ចបង្ក​របួស​ស្នាម និង​​​ធ្វើ​ឲ្យ​មានពិការ​ភាព ដើម្បី​ងាយ​រក​ប្រាក់​ពី​អ្នក​ឲ្យ​ទាន[3]
  • ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ដោយ​អំពើ​កេង​ប្រវ័ញ្ចផ្លូវ​ភេទ និង​ទាសភាព​សម័យ​ទំនើប​ មាន​អាយុ​ក្រោម​១៨​ឆ្នាំ[4]
  • ក្នុង​ចំណោម​ជន​រងគ្រោះ​៧៥០០០​នាក់ មាន​តែ​ជន​ល្មើស​ម្នាក់​គត់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន[5]
  • កុមារ ៣០០០០០ នៅ​សហរដ្ឋ​អាមេរិក​ប្រឈម​មុខ​នឹង​ការ​កេង​ប្រវ័ញ្ច​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទរៀង​រាល់​ឆ្នាំ
  • មាន​ជន​បរទេស​ប្រមាណ១៤៥០០ ទៅ​១៧៥០០ ត្រូវ​បាន​គេជួញ​ដូរ​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិកក្នុង​មួយឆ្នាំៗ។ ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​បាន​ជួញ​ដូរ​ក្នុង​ប្រទេស​នៅ​តែ​​មាន​ចំនួន​ច្រើន តាម​ការ​ប៉ាន់​ប្រមាណ​មាន​កុមារ​អាមេរិក​ចំនួន​២០០០០០​នាក់​ប្រឈម​មុខ​និង​ការ​ជួញ​ដូរ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ[6]
  • ក្នុង​ចំណោម​កុមារ​ ២.៥ លាននាក់​ ដែល​ភាគ​ច្រើន​ជា​ក្មេង​ស្រី ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទបាន​រាប់​កោដ្ឋ​ដុល្លា​សហរដ្ឋ​អាមេរិក​ ពី​ឧស្សាហកម្ម​ផ្លូវ​ភេទ

 

 

 

ឯកសារ​យោង៖

[1] របាយការ​ណ៍​ស្តី​ពី​ការជួញ​ដូរមនុស្ស​របស់​សហរដ្ឋអាមេរិក​ ឆ្នាំ​២០០៧

[2] Trafficking in Persons: U.S. Policy and Issues for Congress, 2007

[3] www.thea21campaign.org

[4] www.un.org/News/briefings/docs/2009/090212_UNODC.doc.htm

[5] www.onevoicetoendslavery.com

[6] របាយ​ការណ៍​របស់​ក្រសួង​យុត្តិធ៌ម​អាមេរិក //U.S Department of Justice Report to Congress from Attorney General John Ashcroft on U.S. Government Efforts to Combat Trafficking in Persons

ជេរ ជាកំណត់​ត្រា​ពិភព​លោក​ថ្មី​របស់​កម្ពុជា

Guinessថ្ងៃ​នេះ​ខ្ញុំ​បាន​អាន​អត្ថ​បទ​ដែល​គេ​បាន​ចែក​រម្លែក អំពី​ឯកក្តកម្ម​ពិភព​លោក​ដែល​កម្ពុជា​បាន​បំបែក​មាន​មាន​ចំនួន៥ ហើយ​ឆ្នាំ​២០១៥​ ទទួល​បាន​ចំនួន​២​ទៀតគឺ​អន្សោមយក្ស និង​ក្បាច់​រាំ​ម៉ាឌីហ្សន់។ ខ្ញុំ​ចេះ​តែ​គិត​ថា កម្ពុជា​គួរតែ​ទទួលបាន​នូវ​ឯកក្កតកម្ម​ថ្មី​មួយ​ទៀត គឺ ​ជេរនិង​ប្រើ​ពាក្យ​មិនសម​រម្យ។ អ្នក​នយោបាយ​ខ្មែរ និង​សកម្ម​ជន​របស់​ខ្លួន​គួ​រតែ​ទទួល​បាន​នូវ​រង្វាន់នៃឯកក្តកម្ម​ពិភពលោក (Guinness World Record)ដែរឬទេ?

  • គណបក្ស​ប្រជាជន​កម្ពុជា (CPP)

ពេល​ដែល​ចាប់​ក្បាល​មេ​ក្រូ​និយាយ​ម្តងៗ ប្រមុខ​បក្ស​ម្នាក់​នោះ​តែងតែ​និយាយ​ពាក្យ​ ហ្អែង អញ អានេះអានោះ មីនេះ​មីនោះ ហើយ​ពាក្យ​ទាំងនោះ​បាន​បន្ត​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន រាប់​ទាំង​សិល្បៈករ ក្រុម​និស្សិត។ ពាក្យ​ដែល​ពួក​គេ​និយម​ប្រើ​ប្រាស់​គឺ អាពូជ​ក្បត់ជាតិ អាផ្កាប់​មុខ អារមើល​គុណ សង្ឃ​នយោបាយ សង្ឃជ័រ និង​ពាក្យ​អសរសផ្សេងៗ​ទៀត​ផង… ម្តងម្កាល​គេ​ឃើញ​ទាំង​មន្ត្រី​ប្រដាប់​អាវុធ​ចេញ​មុខ​ចេញមុខ​មក​ជេរ និង​បង្ហាញ​អាវុធ​យ៉ាងអនាធិបតេយ្យ។ ចំនុច​ល្អ​របស់​ពួក​គេគឺ គាំទ្រ​សម្តីនិងអនុសាសន៍​របស់​ប្រមុខបក្ស​គ្មាន​ងាករេ ទោះបី​ជា​សម្តី​ខុស​ក៏ដោយ។

  • គណបក្ស​សង្គ្រោះជាតិ (CNRP)

មិន​ថា​តែ​ប្រមុខ​បក្ស ឬ​អ្នក​គាំទ្រ​ទេ ពាក្យ​ដែល​ពួក​គេ​និយម​នោះ​គឺ អាយួន អាយ៉ង អាក្បត់​ជាតិ អាលក់ក្បាលឲ្យបរទេស សង្ឃ​៧មករា…។ អ្នក​ដែល​មិន​ស្រប​នឹង​ឆន្ទៈ​របស់​ពួក​គេ​ ត្រូវ​គេហៅ​ថា​ យួន ឬ​អាលក់ក្បាល អ្នក​ដែល​ស្របនឹង​ខ្លួន​ត្រូវ​បាន​លើក​តម្កើង​ស្មើ​ព្រះ។ តែ​មាន​ចំនុច​ល្អ​មួយ​ គឺ​ពួកគេ​ហ៊ាន​រិះ​គន់​ប្រមុខ​ដឹក​នាំរបស់​ពួក​គេ។

  • គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ (LDP)

ពាក្យពេញនិយម​របស់ក្រុម​នេះគឺ អាអាចម៍ អាសំគិស អាឈាមឆ្កែ អាឈាមកប់ អញ ហ្អែង អញជេរទាល់​តែ​រួញ… ត្រូវ​បាន​លឺ​ពេញ​បណ្តាញ​សង្គម​ដ៏​​ពេញ​និយម ទូរទស្សន៍ និង​វិទ្យុ។ ក្រុម​នេះ​តែងតែ​ទុក​អ្នក​ដែល​មិន​ស្រប​ខ្លួន​ថា​មិនយល់ និង​មាន​បេះដូង​មិន​បរិសុទ្ធ តែ​ជាក់​ស្តែង​ក្រុម​នេះ​និយាយ​ស្តី​មិន​មានហេតុ​ផល​ ចេះ​តែ​ជេរ​និង​ថា​តាម​គេ សូម្បី​តែ​ព្រះ​សង្ឃ​ក៏មិន​លើក​លែង។ ក្រុម​នេះ​ប្រសិន​បើ​នរណាម្នាក់​ហ៊ាន​ចេញ​មុខ​រិះ​គន់​ ពួក​គេ​នឹងនាំគ្នា​ទៅ​ជេរ​ដូច​ហ្វូងចចក​ព័ទ្ធ​ចំណី។ ចំនុចល្អ​របស់​ក្រុម​នេះ​គឺ​ ពូកែសូត្រ​តាម​គ្នា​ដូច​សេក!

 

តើ​មាន​អ្នក​នយោបាយ​ ឬ​អ្នក​ដឹក​នាំ​ប្រទេស​ណាខ្លះ​ដែល​មាន​ចរិក​លក្ខណៈ​ដូច​នេះ? មើល​ទៅ​មាន​តែ​កម្ពុជា​ទេ​ ដែលសម្បូរ​ជន​ប្រភេទ​នេះ ដូច្នេះ​សម​ណាស់​ដែល​កម្ពុជា​ គួរតែ​ទទួល​បាន​ កំណត់​ត្រា​ថ្មី​មួយ​នេះ!

Child Begging

English version below KH version

11076824_1585458721737769_9008319020066369011_oក្នុងឃុំត្នោត និងឃុំចាន់ទ្រា ក្នុងខេត្តស្វាយរៀង កុមារ១០០នាក់ត្រូវបានបញ្ជូនឲ្យទៅសុំទានក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន។ ចំនួននៃការបញ្ជូនកុមារមានការធ្លាក់ចុះនៅដល់ទៅ២៦នាក់ក្នុងឆ្នាំនេះ បន្ទាប់ពីការធ្វើការរយៈពេលមួយឆ្នាំរបស់គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទៅលើការសម្របសម្រួលការគាំទ្រ ការលើកកម្ពស់ការយល់ដឹង និងជីវភាពរស់នៅ។ ក្នុងអំឡុងពេលចូលឆ្នាំចិន ក្នុងមួយថ្នាក់ៗ មានកុមារប្រហែលជា២ឬ៣នាក់ប៉ុណ្ណោះដែលអវត្តមានពីការសិក្សា ខណៈដែលនៅក្នុងឆ្នាំ២០១៣ និង២០១៤ កុមារដែលមិនទៅសាលាមានរហូតចាប់ពី១០ ទៅ១៥នាក់ក្នុងមួយថ្នាក់។ អត្រានៃការត្រួតថ្នាក់បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពី៨% ក្នុងឆ្នាំ២០១៣ និង៦% ក្នុងឆ្នាំ២០១៤ ហើយនិង៤% ក្នុងឆ្នាំ២០១៥។

10986648_1588455484771426_6949560665005784486_o

In Thnaot and Chantrea communes of Svay Rieng province 100 children were sent to beg in Vietnam last year. After one year of CTIP work on coordinated support, awareness and livelihood, the number dropped to 26 this year. During the Chinese New Year, only around 2 to 3 students per class were absent from school, while up to 10 to 15 per class missed school in 2013 and 2014. Class repetition rate reduced year to year from 8% in 2013, 6% in 2014 and 4% in 2015.

Source: https://www.facebook.com/CTIP2?fref=ts