ជំងឺ​អាត្មា​និយម

Cartoon-Hole in the boatជំងឺ​អាត្មានិយ​ម​បាន​ចាក់​ឬសគល់​យ៉ាង​ជ្រៅ​ក្នុង​ស្រទាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ យើង​អាច​មើល​ឃើញ​តាម​រយៈ​ការ​ប្រតិបត្តការងារ​ប្រចាំថ្ងៃ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យើង​សង្កេត​ឃើញ​ថា​ ភាព​អាត្មានិយម​កាន់​តែ​អាក្រក់ទៅ បើ​ទោះ​បី​ជា​យើង​ឃើញថា​មាន​ការ​ជួយ​គ្នា​ខ្លះ​ក្នុង​សង្គមក៏ដោយ។ ជំងឺ​អាត្មានិយម​នេះ​បាន​រីក​រាល​ដាល​ដល់​​បក្ស​ ដល់​រដ្ឋា​ភិបាល វិស័យឯកជន​ និង​ជា​ពិសេស​គឺ​សង្គម​ស៊ីវិល​។

១. ជំងឺអាត្មា​និយម​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​តែងតែ​មាន​ទស្សនៈ​ថា “ងាប់​អាណាងាប់​ទៅ​កុំឲ្យ​តែ​ងាប់​អញនិង​ក្រុម​គ្រួសារ​អញ” យើង​អាច​សង្កេត​ឃើញ​តាម​រយៈ​ការ​លក់ដូរ​ចំណី​ប្រចាំថ្ងៃ​​(ប្រើប្រាស់​ផលិតផលគ្មាន​គុណ​ភាព​ លៀង​សម្អាត​បន្លែមិន​បាន​ស្អាតល្អ​ ប្រើ​ប្រាស់សារធាតុ​គីមី​ជំនួស…) ការ​ដាំ​ដំណាំឬ​ចិញ្ចឹម​សត្វសម្រាប់លក់ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ (បើក​បរ​បញ្ច្រាស់​ទិស មិន​គោរព​ស្លាកសញ្ញា ភ្លើង​សញ្ញា រុល​ទៅ​មុខ​មិនខ្វល់​ពី​អ្នកដទៃ​ ពេល​មាន​គ្រោះ​ថ្នាក់​មិន​ទទួល​ទទួល​ខុស​ត្រូវ​…) ការ​រំលោភ​យក​ដី​ កាប់​ព្រៃ​ឈើ កេង​ប្រវ័ញ្ច ឈ្នានីស រំលោភ​លើ​ចំណី​ថ្នល់ បោក​បន្លំ ពុករលួយ​…។ល។ ទាំងនេះ​ធ្វើឡើង​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​របស់​ខ្លួន។

 

២. ជំងឺ​អាត្មានិយម​កើត​ចេញ​ពី​រដ្ឋា​ភិបាល និង​បក្ស​នយោបាយ

ចំពោះ​រដ្ឋាភិបាល​វិញ​ក៏មិន​ណយ​ដែរ​ គឺ​ធ្វើ​អ្វី​ៗទាំងអស់ដើម្បី​តែ​ខ្លួន​ឯង​ជា​ពិសេស​គឺ​សម្រាប់​មនុស្ស​ដែល​ដឹក​នាំ​ស្ថាប័ន​ ជាក់​ស្តែង​ដូច​ជា​ការ​កសាងហេដ្ឋារចនា​សម្ព័ន្ធ​ ការ​ដោះ​ដូរ​ទីតាំង​របស់​រដ្ឋ ការ​តាកតែង​ច្បាប់ និទណ្ឌ​ភាព…។ ឧទាហរណ៍៖ ធ្វើ​ផ្លូវ​មួយ​ខ្សែ​ ដាក់​សួន​ច្បារ​កណ្តាល​ផ្លូវដ៏ធំ សំណួរសួរ​ថា​នរណា​ដើ​រ​លើ​សួន​ច្បារ​កណ្តាល​ផ្លូវ​នេះ​? ចម្លើយ​គឺ ដើម្បី​សោភ័ណ្ឌ​ភាព​ទីក្រុង​ឬ​តាម​ដង​ផ្លូវ តែ​ចម្លើយ​ជាក់លាក់​គឺ ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ថ្លៃ​ដាក់​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ផ្លូវ​នេះ។ យើងអាច​មើល​ឃើញ​នូវ​ទិដ្ឋ​ភាព​ផ្លូវ​៣០ម៉ែត្រ​ក្នុង​ខេត្ត​សៀម​រាប ទំហំ​សួន​ច្បារ​កណ្តាល​ផ្លូវ​ប៉ុនគ្នា​នឹង​ទំហំ​ទ្រូង​ផ្លូវ​សម្រាប់​បើក​បរ។ នៅ​លើ​សួន​នោះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​អាចម័​ឆ្កែ​និង​សម្ភារៈរបស់​ពល​រដ្ឋ​ដែល​រស់​តាម​ដង​ផ្លូវ​នោះ​ដាក់​ហាល​ទេ។ ផ្លូវ​វ៉េងស្រេង​ សួន​ច្បារ​កណ្តាល​ទ្រូង​ផ្លូវ​អាច​បើក​រថ​យន្ត​ប្រភេទ​ទេសចរណ៍​បា​ន​មួយ​គ្រឿង​…។ ពេលខ្លះ​ អ្នក​ដឹកនាំ​យក​មុខ​យក​មាត់​ពី​ពល​រដ្ឋខ្លួន​ដើម្បី​តែ​អំណាច​ខ្លួន​ឯង​ប៉ុណ្ណោះ។ ឩទាហរណ៍៖ ករណី​កញ្ញា សាសា អ្នក​ដឹកនាំ​កំពូល​ៗនាំគ្នា​អន្តរាគម​ឲ្យជន​ល្មើស​ចេញខ្លួន​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ តែ​ករណី​ផ្សេងទៀត​លំនាំ​គ្នា​ហ្នឹង​ដែរ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដូចជា​ករណី​ អ្នក​ស្រី​ ពិសិដ្ឋ ពិលីកា ទូច​ ស្រីនិច្ច ពៅ​ បញ្ញាពេជ្រ សកម្ម​ជន​ជា​ស្ត្រី​នៅបឹងកក់ កម្មកររោងចក្រ​ដែល​ឈូក​ បណ្ឌិត​ បាញ់ជាដើម។

ងាក​មក​គណបក្ស​នយោបាយ​វិញ គណ​បក្សខ្លះ ដើម្បី​ក្រុម​ខ្លួន​បាន​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ ធ្វើ​ប្រជា​ភិថុត​ រៃ​អង្គាសប្រាក់ ជេរ​រាស្ត្រ ​មិន​គោរព​តាម​ការ​សន្យា កេង​ប្រវ័ញ្ច​ពី​រាស្ត្រ​ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​តែ​ខ្លួន​និង​បក្ស​ពួក​ខ្លួន​។ ​ពេល​ខ្លះ​ពួក​គេ​និយាយ​តែ​ល្អ​ពី​ខ្លួនឯង ចំណែក​អ្នក​ដទៃ​ខុស​ទាំងអស់។ ដើម្បី​មុខ​មាត់​សុខ​ចិត្ត​ក្លាយ​ជាឃាតករ ឬ​បំបិតសេរី​ភាព​របស់​អ្នក​ដទៃ ឬ​រាយការណ៍​បំផ្លើស​ការពិត ឬរាយការណ៍​គ្មាន​សល់អ្វី​ទាំងអស់។

៣. អង្គការ​មិន​មែន​រដ្ឋាភិបាល

អង្គការ​មិនមែន​រដ្ឋាភិបាល​ច្រើន​ជា​ង​២០០០​បាន​ចុះ​ឈ្មោះ​ និង​កំពុង​ដំណើរក្នុង​ប្រទេស។ ក្រៅ​ពី​បំពេញ​កាតព្វកិច្ច​មនុស្ស​ធ៌ម ការអភិវឌ្ឍ អប់រំ និង​តស៊ូមតិ… អង្គការ​/សមាគម​ខ្លះ​បាន​ចូល​រួម​កិច្ច​ការ​បក្ស​នយោបាយ​ ដើម្បី​លាភ​សក្ការៈ។ អង្គការ​/សមាគម​មួយចំនួន​បាន​កិប​កេង​ជំនួយ​ដែល​ផ្តល់​ដល់​ក្រុម​គោល​ដៅ​ជា​ស្ត្រី កុមារ ចាស់ជរា អ្នក​ជំងឺ ឬ​អ្នក​រងគ្រោះ​ដទៃ​ទៀត។ អង្គការ/សមាគម​ខ្លះ​ទៀត ដើម្បី​ជំនួយ​ត្រូវ​ចេះ​ផ្តួល​អង្គការ​ផ្សេងទៀត​ដែល​មាន​សកម្ម​ភាព​ការងារ​ប្រហាក់​ប្រហែល​គ្នា​ ឬ​ត្រូវប្រឹង​ប្រែង​បង្ហាញ​ថា​ស្ថាប័ន​របស់​ខ្លួន​ល្អ​ជា​ស្ថាប័ន​ដទៃ ជា​ពិសេស​មិន​ចេះ​ជួយ​គ្នា​ពេល​ដែល​មាន​បញ្ហាកើតឡើង។

យើង​អាច​ក្រលេក​ទៅ​មើល​ ការ​តស៊ូមតិ​ចំពោះ​ច្បាប់​ស្តី​អំពី​អង្គការ​/សមាគម និង​ច្បាប់​សហជីព មាន​អង្គការ​មិន​ច្រើន​ទេ​ដែល​ឈឺ​ឆ្អាល​នឹង​រឿង​នេះ​ ជាពិសេស​អង្គការ​ដែល​ធ្វើ​ការ​រឿង​សិទ្ធិមនុស្ស​ បរិស្ថាន ការ​តស៊ូមតិ ច្បាប់ ព្រៃ​ឈើ និងអង្គការ​សហគម​មួយ​ចំនួន ចំណែក​អង្គការ​ដែល​បម្រើ​ក្នុង​វិស័យ​សុខភាព​និង​ការ​អភិវឌ្ឍ​ដេក​លក់​អស់គ្នា​អើ​ពើ។ មាន​ប្រធាន​អង្គការ​មួយ​ប្រាប់​យើង​ថា វា​មិន​ប៉ះ​ពាល់​ដល់​ស្ថាប័ន​គាត់​ទេ ព្រោះ​គាត់​ធ្វើ​ការ​អប់​រំ​តែ​សុខភាព​និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​រក​សេវា​ អ្នក​ដែល​ប៉ះពាល់​ខ្លាំង​នាំ​គ្នា​ធ្វើ​ទៅ​ ព្រោះ​វា​ជា​រឿង​របស់​ពួក​គេ។

កាល​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​ការ​សម្លាប់​លោក ឈុត វុទ្ធី មាន​អង្គការ​ជា​ច្រើន​គេ​សម្តែង​ការ​មិន​ពេញ​ចិត្ត​និង​ថ្កោល​ទោស​ដល់​ជន​ដៃ​ដល់និង​អ្នកបញ្ជា ពេលនោះមាន​ប្រធាន​សម្ព័ន្ធ​អង្គការ​មួយ​ដែល​ធ្វើ​ការងារ​ផ្តោតលើ​ជំងឺ​អេដស៍​ បន្ទាប់​ពី​ទទួល​បាន​សំណើរ​ពី​សមាជិកនិងអ្នកពាក់​ព័ន្ធ​​ថា វា​មិន​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​អេដស៍​នេះ​ទេ រឿង​នេះ​គួរតែ​អង្គការ​សិទ្ធិ​មនុស្ស​ជាអ្នក​ធ្វើ​ទៅ​បាន​ហើយ ចាំ​ពេល​ណា​អ្នក​ជំងឺអេដស៍​គ្មាន​ថ្នាំ​ផឹក គ្មាន​បាយ​ហូប​ទើប​វា​ជាការ​ងារ​របស់​ពួក​យើង។

៤. វិស័យ​ឯកជន​

ដើម្បី​សម្រេច​គោល​ដៅ​អាជីវកម្ម​របស់​ខ្លួន អ្នក​វិនិយោគ​ខ្លះ​មិន​ខ្វល់​ពី​សុខ​ភាព​ប្រជាជន មិន​ខ្វល់​ពី​ផល​ប៉ះពាល់សង្គម​អ្វីឡើយ។ ក្រុម​ហ៊ុន​ស្រា​បាន​ផ្សព្វ​ផ្សាយ​ដល់​អតិ​ថជន​របស់​ខ្លួន​អំពី​រង្វាន់​ដែល​បាន​មក​ដោយ​ងាយ ចំណែកពល​រដ្ឋ​ខ្មែរ​ដែល​ខ្វះ​ការពិចារណា​ខំ​នាំ​គ្នា​ផឹក​ដើម្បី​រង្វាន់ ផល​ប៉ះពាល​បាន​កើត​ឡើង​ដូច​ជា​ គ្រោះ​ថ្នាក់​ចរាច​រ​ រលៀក​ក្រពះ ពោះ​វៀន ហឹង្សា​ក្នុង​គ្រួសារ ចាប់រំលោភ…។ ក្នុង​ករណី​ខ្លះ អ្នក​វិនិយោគ​ទុន​ មិន​ខ្លាច​នឹង​រំលោភ​លើ​ច្បាប់​នោះ​ទេ​ ពួក​គេ​សុខ​ចិត្ត​ផ្តល់​លុយ​ទៅ​អ្នក​មាន​អំណាច​ការពារ​ផល​ប្រយោជន៍​របស់​ពួកគេ តែ​មិន​ផ្តល់​ប្រាក់​ខែ​សមរម្យ​សម្រាប់​កម្មករ​នោះទេ​។

 

ជំងឺអាត្មានិយម​នេះ​ អាច​រលត់​ទៅវិញ​បាន​លុះ​ត្រា​ណា​តែ​ខ្មែរ​ផ្លាស់​ប្តូរ​ការ​គិត ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ ហើយ​ច្បាប់​ត្រូវ​តាក់​តែង​ដើម្បី​មនុស្ស​គ្រប់គ្នា​មិន​មែន​សម្រាប់​ដាក់​ទោស​មនុស្ស​មួយ​ក្រុម​ណា​នោះ​ទេ។ ជា​រឿយៗ ការអប់រំ​គួរតែ​ត្រូវ​បាន​លើក​ស្ទួយនិង​ដាក់​បញ្ចូល​នូវ​កម្ម​វិធី​ល្អៗ ជា​គម្រូរ​សម្រាប់​មនុស្ស​ក្នុង​សង្គម​។ ប្រព័ន្ធផ្សព្វផ្សាយ​គួរតែ​បង្កើត​កម្ម​វិធី​អប់​រំ​ឲ្យ​បាន​ច្រើន​ជាងកម្ម​វិធី​កម្សាន្ត ឬផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ណាដែល​ប៉ះ​ពាល់​តម្លៃ​នៃ​ការ​រស់​នៅ​របស់​នុស្ស​។

អ្វី​ជា​ការ​ជួញ​ដូរ​មនុស្ស​?

ហេតុអ្វី​បាន​ជា​ការ​ជួញ​ដូរ​មនុស្ស​ជា​អំពើ​ខុស​ច្បាប់? ដោយ​សារ​តែ​អំពើនេះ​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ម៉្យាង​ទៀតមនុស្ស​មិន​មែន​ជា​កម្ម​សិទ្ធិរបស់​នរណា​ម្នាក់ រួម​ទាំង​ម្តាយ​ឳពុក ប្តីឬ​ប្រពន្ធ ម្ចាស់​បំណុល។

You-Can-Stop-Human-Trafficking-760x350ការជួញ​ដូរ​មនុស្ស​មាន​ន័យ​ថា ការ​ជ្រើស​រើស​ ដឹក​ជញ្ជូន ផ្ទេរ ផ្តល់​កន្លែង​លាក់​បំពួន ឬ​ការ​ទទួល​យក​មនុស្ស​ដោយមធ្យោបាយ​​គំរាម​កំហែង ឬ​ប្រើ​កម្លាំង ឬបង្ខិត​បង្ខំ តាម​រូប​ភាព​ផ្សេងៗ ដូច​ជា​ការ​ចាប់​ពង្រត់ ក្លែង​បន្លំ​ បោក​បញ្ឆោត​ រំលោភ​លើ​អំណាច ឬ​តួនាទី​លើ​ជន​ងាយ​ទទួល​រង​គ្រោះដោយ​ផ្តល់ និង​ទទួល​យក​លុយ​កាក់ ឬ​ផល​កម្រៃ​ផ្សេងៗ ដើម្បី​ឲ្យ​មាន​ការ​យល់​ព្រមពី​អ្នក​គ្រប់​គ្រង​នៃ​ជន​ណា​ម្នាក់ ក្នុង​គោល​បំណង​ធ្វើ​អាជីវកម្ម។ ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ត្រូវ​រាប់​បញ្ចូល ការ​ធ្វើ​អាជីវកម្ម​ពេស្យាចារ​លើ​អ្នក​​ដទៃ ឬ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​តាមរូប​ភាព​ផ្សេង​ទៀត ការងារ​ដោយ​បង្ខំ សេវា​ទាសភាព ឬ​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ភាព​ជា​អ្នក​បម្រើ​ដាច់​ថ្លៃ។

យោង​ទៅ​លើ​ពិធី​សារ​ប៉ាលេម៉ូ អាច​ទុក​ថា​ជា​អំពើ​ជួញ​ដូរ​មនុស្ស​បានលុះ​ត្រា​ណា​មាន​ធាតុផ្សំ​ចំនួន​បី គឺ៖ អំពើ គោលបំណង និង​មធ្យោបាយ។ អំពើ ជា​សកម្ម​ភាព​ជ្រើស​រើស ដឹក​ជញ្ជូន ផ្ទេរ លាក់​បំពួន នាំចេញ​ទាំង​ឆ្លងដែន ឬ​ក្នុង​ស្រុក ឬ​ស្ម័គ្រ​ចិត្ត ឬ​ចាប់​ពង្រត់…ជាដើម។ គោល​បំណង​ ដើម្បី​កេង​ប្រវ័ញ្ចលើ​មនុស្ស។ មធ្យោបាយ គឺសំដៅ​លើ​ត្រួតត្រា​លើ​មនុស្ស​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ហឹង្សា​ទៅ​លើ​ជន​រង​គ្រោះ។ ពេល​ខ្លះ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេឃុំឃាំងក្នុង​កន្លែង​បិទ​ជិត​ទេ តែ​ពួក​គាត់​ត្រូវ​បាន​គេ​គំរាម​កំហែង​ផ្លូវ​ចិត្ត ឧទាហរណ៍ អ្នក​អាច​ចាក​ចេញ​ពី​កន្លែង​នេះ​បាន តែខ្ញុំ​នឹង​សម្លាប់​ឳពុកម្តាយ ឬ​សាច់ញាតិ​របស់​អ្នក​ជា​ដើម។

នៅ​ក្នុង​ច្បាប់​ស្តី​ពី ការ​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ មាត្រា​១០ បាន​កំណត់នូវ​អំពើ​កេង​ប្រវ័ញ្ចរួម​មាន៖ ឈ្លានពានផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ស្មុំកូន ពេស្យាកម្ម រូបភាពនិងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ ពលកម្ម ឬ សេវាដោយបង្ខំ ​ទាសភាព ឬ ការអនុវត្តស្រដៀងគ្នា ការបញ្ចាំខ្លួនដោះបំណុល សេវភាពមិនស្ម័គ្រចិត្ត ពលកម្មកុមារ ការដកហូតសរីរាង្គ។

មនុស្ស​មួយ​ចំនួន​បាន​ចូល​រួមក្នុង​សង្វាក់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ដោយ​មិន​ដឹង​ខ្លួន​ អ្នក​ទាំង​នោះ​អាច​ជា៖ ម្ចាស់​សហគ្រាស អ្នក​ដែល​ស្វែង​រក​សេវា​ផ្លូវ​ភេទ អ្នក​ដែល​ឲ្យ​ទាន​ទៅ​កុមារ​ដែល​រងគ្រោះ​តាម​ដង​ផ្លូវ​ឬ​ភោជនីយ៍ដ្ឋាន និង​អ្នក​ដទៃ​ទៀត។ ឈ្មួញជួញ​ដូ​រ​មនុស្ស​អាច​ជា៖​ អ្នក​ស្គាល់​គ្នា សាច់​ញ្ញាត ម្តាយ​ឳពុក មិត្តភក្តិ សង្សារ អ្នក​ធ្វើ​ការ​ងារ​សង្គម​…​​​​ជា​ដើម។

ឧទាហរណ៍៖ ស្រ្តី​ម្នាក់​ដោយសារ​តែ​ភាព​ក្រ នាង​បាន​បញ្ជូន​​កូន​តូច​របស់​ខ្លូន​ឲ្យ​សុំ​ទានតាម​ដង​ផ្លូវ។ នេះ​ជា​អំពើជួញ​ដូរ​មនុស្ស​ ដោយ​សារ​តែ​ស្រ្តី​ម្នាក់​នោះ​បាន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កុមារ​ ហើយ​កុមារ​នោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​មិន​អាច​គេច​ចេញ​ពី​ការ​គ្រប់​គ្រង​ពី​ស្ត្រី​នោះ​បាន។

ខាងក្រោម​គឺ​ជា​ព័ត៌មាន​ខ្លះនៃ​ការជួញ​ដូរ​មនុស្ស​ជុំ​វិញ​ពិភពលោក៖

  • រៀងរាល់​៣០​វិនាទី​មាន​មនុស្ស​ម្នាក់​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​
  • ៩៩%​នៃ​ជន​រង​គ្រោះ​មិន​បាន​ត្រូវ​សង្គ្រោះ​ឡើយ​
  • មាន​មនុស្ស​ប្រមាណ​ពី​២ ទៅ​៤​លាន​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​ឆ្លង​កាត់​ព្រំដែន​ជា​រៀងរាល់​ឆ្នាំ
  • ការ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ប្រភព​នៃ​ចំណូល​ដ៏​ធំ​មួយ​នៃ​អង្គការ​ចាត់​តាំងឧក្រិដ្ឋកម្ម ដោយ​រួម​ទាំង​ការជួញ​ដូរ​អាវុធ​និង​គ្រឿង​ញៀន ដែល​មាន​ទឹក​ប្រាក់​សរុប ៩.៥ កោដ​ក្នុង​១ឆ្នាំ[1]
  • ភាគ​ច្រើន​លើស​លប់​នៃ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ស្រ្តី​ និង​កុមារ
  • គិត​ជា​មធ្យម​ស្ត្រី​រងគ្រោះ​ត្រូវ​គេ​ដាក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ជា​មធ្យម​២០​ដង​ក្នុង​មួយថ្ងៃ​
  • តាម​ការ​គណនា​របស់ CIA ឃើញ​ថា ជន​រងគ្រោះ​ជា​ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​គេជួញ​ដូរ​អាច​រកចំណូល​បាន​ប្រមាណ​២៥០០០០ ដុល្លាសហរដ្ឋ​អាមេរិក[2]
  • ​កុមារ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​ពី​ទី​ជន​បទ​ ដើម្បី​កេង​ប្រវ័ញ្ច​ក្នុង​វិស័យ​ការងារ​ដោះ​បំណុល កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ រៀបការ ការ​ស្មុំ​កូន​ដោយ​ខុស​ច្បាប់ និង​សុំ​ទាន
  • ក្មេង​ស្រី​ ដែល​ក្មេង​ស្រី​ខ្លះ​អាយុ​តិចជាង​១២​ឆ្នាំ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ផ្ទះ​បន កន្លែង​ម៉ាស្សា​ ពេស្យាចារ រង្គសាល​រាំស្រាត ឬ​ជា​កម្ម​វត្ថុនៃ​ការ​ផលិត​សម្ភារៈ​អាសអាភាស
  • កុមារ​មួយ​ចំនួន​ត្រូវ​ជ្រើស​និង​ជួញ​ដូរ​ក្នុង​ការ​ងារ​លក់​ទំនិញ​ឬ​សុំ​ទាន
  • កុមារ​សុំ​ទាន​ពេល​ខ្លះ​ត្រូវ​អ្នក​កេង​ប្រ​វ័ញ្ចបង្ក​របួស​ស្នាម និង​​​ធ្វើ​ឲ្យ​មានពិការ​ភាព ដើម្បី​ងាយ​រក​ប្រាក់​ពី​អ្នក​ឲ្យ​ទាន[3]
  • ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ដោយ​អំពើ​កេង​ប្រវ័ញ្ចផ្លូវ​ភេទ និង​ទាសភាព​សម័យ​ទំនើប​ មាន​អាយុ​ក្រោម​១៨​ឆ្នាំ[4]
  • ក្នុង​ចំណោម​ជន​រងគ្រោះ​៧៥០០០​នាក់ មាន​តែ​ជន​ល្មើស​ម្នាក់​គត់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន[5]
  • កុមារ ៣០០០០០ នៅ​សហរដ្ឋ​អាមេរិក​ប្រឈម​មុខ​នឹង​ការ​កេង​ប្រវ័ញ្ច​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទរៀង​រាល់​ឆ្នាំ
  • មាន​ជន​បរទេស​ប្រមាណ១៤៥០០ ទៅ​១៧៥០០ ត្រូវ​បាន​គេជួញ​ដូរ​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិកក្នុង​មួយឆ្នាំៗ។ ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​បាន​ជួញ​ដូរ​ក្នុង​ប្រទេស​នៅ​តែ​​មាន​ចំនួន​ច្រើន តាម​ការ​ប៉ាន់​ប្រមាណ​មាន​កុមារ​អាមេរិក​ចំនួន​២០០០០០​នាក់​ប្រឈម​មុខ​និង​ការ​ជួញ​ដូរ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ[6]
  • ក្នុង​ចំណោម​កុមារ​ ២.៥ លាននាក់​ ដែល​ភាគ​ច្រើន​ជា​ក្មេង​ស្រី ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទបាន​រាប់​កោដ្ឋ​ដុល្លា​សហរដ្ឋ​អាមេរិក​ ពី​ឧស្សាហកម្ម​ផ្លូវ​ភេទ

 

 

 

ឯកសារ​យោង៖

[1] របាយការ​ណ៍​ស្តី​ពី​ការជួញ​ដូរមនុស្ស​របស់​សហរដ្ឋអាមេរិក​ ឆ្នាំ​២០០៧

[2] Trafficking in Persons: U.S. Policy and Issues for Congress, 2007

[3] www.thea21campaign.org

[4] www.un.org/News/briefings/docs/2009/090212_UNODC.doc.htm

[5] www.onevoicetoendslavery.com

[6] របាយ​ការណ៍​របស់​ក្រសួង​យុត្តិធ៌ម​អាមេរិក //U.S Department of Justice Report to Congress from Attorney General John Ashcroft on U.S. Government Efforts to Combat Trafficking in Persons