ជំងឺ​អាត្មា​និយម

Cartoon-Hole in the boatជំងឺ​អាត្មានិយ​ម​បាន​ចាក់​ឬសគល់​យ៉ាង​ជ្រៅ​ក្នុង​ស្រទាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ យើង​អាច​មើល​ឃើញ​តាម​រយៈ​ការ​ប្រតិបត្តការងារ​ប្រចាំថ្ងៃ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យើង​សង្កេត​ឃើញ​ថា​ ភាព​អាត្មានិយម​កាន់​តែ​អាក្រក់ទៅ បើ​ទោះ​បី​ជា​យើង​ឃើញថា​មាន​ការ​ជួយ​គ្នា​ខ្លះ​ក្នុង​សង្គមក៏ដោយ។ ជំងឺ​អាត្មានិយម​នេះ​បាន​រីក​រាល​ដាល​ដល់​​បក្ស​ ដល់​រដ្ឋា​ភិបាល វិស័យឯកជន​ និង​ជា​ពិសេស​គឺ​សង្គម​ស៊ីវិល​។

១. ជំងឺអាត្មា​និយម​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​តែងតែ​មាន​ទស្សនៈ​ថា “ងាប់​អាណាងាប់​ទៅ​កុំឲ្យ​តែ​ងាប់​អញនិង​ក្រុម​គ្រួសារ​អញ” យើង​អាច​សង្កេត​ឃើញ​តាម​រយៈ​ការ​លក់ដូរ​ចំណី​ប្រចាំថ្ងៃ​​(ប្រើប្រាស់​ផលិតផលគ្មាន​គុណ​ភាព​ លៀង​សម្អាត​បន្លែមិន​បាន​ស្អាតល្អ​ ប្រើ​ប្រាស់សារធាតុ​គីមី​ជំនួស…) ការ​ដាំ​ដំណាំឬ​ចិញ្ចឹម​សត្វសម្រាប់លក់ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ (បើក​បរ​បញ្ច្រាស់​ទិស មិន​គោរព​ស្លាកសញ្ញា ភ្លើង​សញ្ញា រុល​ទៅ​មុខ​មិនខ្វល់​ពី​អ្នកដទៃ​ ពេល​មាន​គ្រោះ​ថ្នាក់​មិន​ទទួល​ទទួល​ខុស​ត្រូវ​…) ការ​រំលោភ​យក​ដី​ កាប់​ព្រៃ​ឈើ កេង​ប្រវ័ញ្ច ឈ្នានីស រំលោភ​លើ​ចំណី​ថ្នល់ បោក​បន្លំ ពុករលួយ​…។ល។ ទាំងនេះ​ធ្វើឡើង​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​របស់​ខ្លួន។

 

២. ជំងឺ​អាត្មានិយម​កើត​ចេញ​ពី​រដ្ឋា​ភិបាល និង​បក្ស​នយោបាយ

ចំពោះ​រដ្ឋាភិបាល​វិញ​ក៏មិន​ណយ​ដែរ​ គឺ​ធ្វើ​អ្វី​ៗទាំងអស់ដើម្បី​តែ​ខ្លួន​ឯង​ជា​ពិសេស​គឺ​សម្រាប់​មនុស្ស​ដែល​ដឹក​នាំ​ស្ថាប័ន​ ជាក់​ស្តែង​ដូច​ជា​ការ​កសាងហេដ្ឋារចនា​សម្ព័ន្ធ​ ការ​ដោះ​ដូរ​ទីតាំង​របស់​រដ្ឋ ការ​តាកតែង​ច្បាប់ និទណ្ឌ​ភាព…។ ឧទាហរណ៍៖ ធ្វើ​ផ្លូវ​មួយ​ខ្សែ​ ដាក់​សួន​ច្បារ​កណ្តាល​ផ្លូវដ៏ធំ សំណួរសួរ​ថា​នរណា​ដើ​រ​លើ​សួន​ច្បារ​កណ្តាល​ផ្លូវ​នេះ​? ចម្លើយ​គឺ ដើម្បី​សោភ័ណ្ឌ​ភាព​ទីក្រុង​ឬ​តាម​ដង​ផ្លូវ តែ​ចម្លើយ​ជាក់លាក់​គឺ ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ថ្លៃ​ដាក់​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ផ្លូវ​នេះ។ យើងអាច​មើល​ឃើញ​នូវ​ទិដ្ឋ​ភាព​ផ្លូវ​៣០ម៉ែត្រ​ក្នុង​ខេត្ត​សៀម​រាប ទំហំ​សួន​ច្បារ​កណ្តាល​ផ្លូវ​ប៉ុនគ្នា​នឹង​ទំហំ​ទ្រូង​ផ្លូវ​សម្រាប់​បើក​បរ។ នៅ​លើ​សួន​នោះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​អាចម័​ឆ្កែ​និង​សម្ភារៈរបស់​ពល​រដ្ឋ​ដែល​រស់​តាម​ដង​ផ្លូវ​នោះ​ដាក់​ហាល​ទេ។ ផ្លូវ​វ៉េងស្រេង​ សួន​ច្បារ​កណ្តាល​ទ្រូង​ផ្លូវ​អាច​បើក​រថ​យន្ត​ប្រភេទ​ទេសចរណ៍​បា​ន​មួយ​គ្រឿង​…។ ពេលខ្លះ​ អ្នក​ដឹកនាំ​យក​មុខ​យក​មាត់​ពី​ពល​រដ្ឋខ្លួន​ដើម្បី​តែ​អំណាច​ខ្លួន​ឯង​ប៉ុណ្ណោះ។ ឩទាហរណ៍៖ ករណី​កញ្ញា សាសា អ្នក​ដឹកនាំ​កំពូល​ៗនាំគ្នា​អន្តរាគម​ឲ្យជន​ល្មើស​ចេញខ្លួន​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ តែ​ករណី​ផ្សេងទៀត​លំនាំ​គ្នា​ហ្នឹង​ដែរ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដូចជា​ករណី​ អ្នក​ស្រី​ ពិសិដ្ឋ ពិលីកា ទូច​ ស្រីនិច្ច ពៅ​ បញ្ញាពេជ្រ សកម្ម​ជន​ជា​ស្ត្រី​នៅបឹងកក់ កម្មកររោងចក្រ​ដែល​ឈូក​ បណ្ឌិត​ បាញ់ជាដើម។

ងាក​មក​គណបក្ស​នយោបាយ​វិញ គណ​បក្សខ្លះ ដើម្បី​ក្រុម​ខ្លួន​បាន​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ ធ្វើ​ប្រជា​ភិថុត​ រៃ​អង្គាសប្រាក់ ជេរ​រាស្ត្រ ​មិន​គោរព​តាម​ការ​សន្យា កេង​ប្រវ័ញ្ច​ពី​រាស្ត្រ​ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​តែ​ខ្លួន​និង​បក្ស​ពួក​ខ្លួន​។ ​ពេល​ខ្លះ​ពួក​គេ​និយាយ​តែ​ល្អ​ពី​ខ្លួនឯង ចំណែក​អ្នក​ដទៃ​ខុស​ទាំងអស់។ ដើម្បី​មុខ​មាត់​សុខ​ចិត្ត​ក្លាយ​ជាឃាតករ ឬ​បំបិតសេរី​ភាព​របស់​អ្នក​ដទៃ ឬ​រាយការណ៍​បំផ្លើស​ការពិត ឬរាយការណ៍​គ្មាន​សល់អ្វី​ទាំងអស់។

៣. អង្គការ​មិន​មែន​រដ្ឋាភិបាល

អង្គការ​មិនមែន​រដ្ឋាភិបាល​ច្រើន​ជា​ង​២០០០​បាន​ចុះ​ឈ្មោះ​ និង​កំពុង​ដំណើរក្នុង​ប្រទេស។ ក្រៅ​ពី​បំពេញ​កាតព្វកិច្ច​មនុស្ស​ធ៌ម ការអភិវឌ្ឍ អប់រំ និង​តស៊ូមតិ… អង្គការ​/សមាគម​ខ្លះ​បាន​ចូល​រួម​កិច្ច​ការ​បក្ស​នយោបាយ​ ដើម្បី​លាភ​សក្ការៈ។ អង្គការ​/សមាគម​មួយចំនួន​បាន​កិប​កេង​ជំនួយ​ដែល​ផ្តល់​ដល់​ក្រុម​គោល​ដៅ​ជា​ស្ត្រី កុមារ ចាស់ជរា អ្នក​ជំងឺ ឬ​អ្នក​រងគ្រោះ​ដទៃ​ទៀត។ អង្គការ/សមាគម​ខ្លះ​ទៀត ដើម្បី​ជំនួយ​ត្រូវ​ចេះ​ផ្តួល​អង្គការ​ផ្សេងទៀត​ដែល​មាន​សកម្ម​ភាព​ការងារ​ប្រហាក់​ប្រហែល​គ្នា​ ឬ​ត្រូវប្រឹង​ប្រែង​បង្ហាញ​ថា​ស្ថាប័ន​របស់​ខ្លួន​ល្អ​ជា​ស្ថាប័ន​ដទៃ ជា​ពិសេស​មិន​ចេះ​ជួយ​គ្នា​ពេល​ដែល​មាន​បញ្ហាកើតឡើង។

យើង​អាច​ក្រលេក​ទៅ​មើល​ ការ​តស៊ូមតិ​ចំពោះ​ច្បាប់​ស្តី​អំពី​អង្គការ​/សមាគម និង​ច្បាប់​សហជីព មាន​អង្គការ​មិន​ច្រើន​ទេ​ដែល​ឈឺ​ឆ្អាល​នឹង​រឿង​នេះ​ ជាពិសេស​អង្គការ​ដែល​ធ្វើ​ការ​រឿង​សិទ្ធិមនុស្ស​ បរិស្ថាន ការ​តស៊ូមតិ ច្បាប់ ព្រៃ​ឈើ និងអង្គការ​សហគម​មួយ​ចំនួន ចំណែក​អង្គការ​ដែល​បម្រើ​ក្នុង​វិស័យ​សុខភាព​និង​ការ​អភិវឌ្ឍ​ដេក​លក់​អស់គ្នា​អើ​ពើ។ មាន​ប្រធាន​អង្គការ​មួយ​ប្រាប់​យើង​ថា វា​មិន​ប៉ះ​ពាល់​ដល់​ស្ថាប័ន​គាត់​ទេ ព្រោះ​គាត់​ធ្វើ​ការ​អប់​រំ​តែ​សុខភាព​និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​រក​សេវា​ អ្នក​ដែល​ប៉ះពាល់​ខ្លាំង​នាំ​គ្នា​ធ្វើ​ទៅ​ ព្រោះ​វា​ជា​រឿង​របស់​ពួក​គេ។

កាល​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​ការ​សម្លាប់​លោក ឈុត វុទ្ធី មាន​អង្គការ​ជា​ច្រើន​គេ​សម្តែង​ការ​មិន​ពេញ​ចិត្ត​និង​ថ្កោល​ទោស​ដល់​ជន​ដៃ​ដល់និង​អ្នកបញ្ជា ពេលនោះមាន​ប្រធាន​សម្ព័ន្ធ​អង្គការ​មួយ​ដែល​ធ្វើ​ការងារ​ផ្តោតលើ​ជំងឺ​អេដស៍​ បន្ទាប់​ពី​ទទួល​បាន​សំណើរ​ពី​សមាជិកនិងអ្នកពាក់​ព័ន្ធ​​ថា វា​មិន​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​អេដស៍​នេះ​ទេ រឿង​នេះ​គួរតែ​អង្គការ​សិទ្ធិ​មនុស្ស​ជាអ្នក​ធ្វើ​ទៅ​បាន​ហើយ ចាំ​ពេល​ណា​អ្នក​ជំងឺអេដស៍​គ្មាន​ថ្នាំ​ផឹក គ្មាន​បាយ​ហូប​ទើប​វា​ជាការ​ងារ​របស់​ពួក​យើង។

៤. វិស័យ​ឯកជន​

ដើម្បី​សម្រេច​គោល​ដៅ​អាជីវកម្ម​របស់​ខ្លួន អ្នក​វិនិយោគ​ខ្លះ​មិន​ខ្វល់​ពី​សុខ​ភាព​ប្រជាជន មិន​ខ្វល់​ពី​ផល​ប៉ះពាល់សង្គម​អ្វីឡើយ។ ក្រុម​ហ៊ុន​ស្រា​បាន​ផ្សព្វ​ផ្សាយ​ដល់​អតិ​ថជន​របស់​ខ្លួន​អំពី​រង្វាន់​ដែល​បាន​មក​ដោយ​ងាយ ចំណែកពល​រដ្ឋ​ខ្មែរ​ដែល​ខ្វះ​ការពិចារណា​ខំ​នាំ​គ្នា​ផឹក​ដើម្បី​រង្វាន់ ផល​ប៉ះពាល​បាន​កើត​ឡើង​ដូច​ជា​ គ្រោះ​ថ្នាក់​ចរាច​រ​ រលៀក​ក្រពះ ពោះ​វៀន ហឹង្សា​ក្នុង​គ្រួសារ ចាប់រំលោភ…។ ក្នុង​ករណី​ខ្លះ អ្នក​វិនិយោគ​ទុន​ មិន​ខ្លាច​នឹង​រំលោភ​លើ​ច្បាប់​នោះ​ទេ​ ពួក​គេ​សុខ​ចិត្ត​ផ្តល់​លុយ​ទៅ​អ្នក​មាន​អំណាច​ការពារ​ផល​ប្រយោជន៍​របស់​ពួកគេ តែ​មិន​ផ្តល់​ប្រាក់​ខែ​សមរម្យ​សម្រាប់​កម្មករ​នោះទេ​។

 

ជំងឺអាត្មានិយម​នេះ​ អាច​រលត់​ទៅវិញ​បាន​លុះ​ត្រា​ណា​តែ​ខ្មែរ​ផ្លាស់​ប្តូរ​ការ​គិត ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ ហើយ​ច្បាប់​ត្រូវ​តាក់​តែង​ដើម្បី​មនុស្ស​គ្រប់គ្នា​មិន​មែន​សម្រាប់​ដាក់​ទោស​មនុស្ស​មួយ​ក្រុម​ណា​នោះ​ទេ។ ជា​រឿយៗ ការអប់រំ​គួរតែ​ត្រូវ​បាន​លើក​ស្ទួយនិង​ដាក់​បញ្ចូល​នូវ​កម្ម​វិធី​ល្អៗ ជា​គម្រូរ​សម្រាប់​មនុស្ស​ក្នុង​សង្គម​។ ប្រព័ន្ធផ្សព្វផ្សាយ​គួរតែ​បង្កើត​កម្ម​វិធី​អប់​រំ​ឲ្យ​បាន​ច្រើន​ជាងកម្ម​វិធី​កម្សាន្ត ឬផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ណាដែល​ប៉ះ​ពាល់​តម្លៃ​នៃ​ការ​រស់​នៅ​របស់​នុស្ស​។

Advertisements

តម្លៃ​អត្តសញ្ញាណប័ណ្ណ

១០០០០ រៀល ជា​តម្លៃ​កំណត់​សម្រាប់IMG_0714​ធ្វើ​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ​ដល់​ពលរដ្ឋ ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ តែ​ពលរដ្ឋ​និយាយ​ថា គាត់ចំណាយ​អស់​ច្រើន​ជាង​នេះ​ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណបាន។

ជារៀង​រាល់​ថ្ងៃ​ ពលរដ្ឋ​ដែល​គ្រប់​អាយុ​បាន​តម្រង់​ជួរ​គ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ តែត្រូវ​បាន​បដិសេដ​ដោយ​យក​លេស​ថា​អស់​ទម្រង់ ឬ​លើស​ចំនួន​មនុស្ស តែ​អ្នក​ដែល​យល់​ចិត្ត​ចូល​ទៅ​និយាយ​បន្តិច​ ហើយភ្ជាប់​លុយ​ទៅ​នឹង​ឯកសារ​ដែល​ត្រូវ​ពិនិត្យ​ ទម្រង់​នោះ​ស្រាប់​តែ​ចេញ​មក​ដោយ​ឯកឯង។ ពលរដ្ឋ​ម្នាក់​ដែល​បាន​ដើ​រ​ចេញ​ពី​កន្លែង​ធ្វើ ដោយ​ទឹក​មុខ​រីក​រាយប្រាប់​ថា៖ ជាធម្ម​តា​ យើង​លំបាក​តែ​ពេល​ចាប់​ផ្តើម​ដំបូង​ប៉ុណ្ណោះ គឺ​នៅ​តុ​លេខ​១ (កន្លែង​ត្រួត​ពិនិត្យ​​ឯកសារ​និង​ចែក​ទម្រង់​) ពេល​ដែល​យើង​យក​បាន​ទម្រង់​ហើយ​ស្រួល​ណាស់។ តែ​ពិបាកយក​បន្តិច។

បើ​មិន​ឲ្យ​លុយ​ ធ្វើមិន​បាន។ ពួក​គេ​មិន​បាន​ទាម​ទារ​ពី​យើង​ទេ តែ​បើ​មិន​ឲ្យ​លុយ​​ គេ​មិនងាយ​ធ្វើ​ឲ្យ​យើង​ទេ។

ដោយ​សារ​តែ​ចំនួន​អ្នក​ដែលមក​ធ្វើ​ច្រើន ហើយ​ម្នាក់​ៗ​មាន​ការងារ​រៀងៗ​ខ្លួន​ ស្រប​ពេល​ដែល​មន្ត្រី​ធ្វើ​ការ​ងារ​ង៉ិង៉ក់ផង ពលរដ្ឋ​ត្រូវ​បង់​ប្រាក់​បន្ថែម​លើស​ពី​អ្វី​ដែល​សរសេរ​ក្នុង​ក្រដាស។ ស្រ្តីម្នាក់​មាន​ប្រសាសន៍​ថា ដាក់លុយ​ក្នុង​នោះ​ប៉ុន្មាន​គេ​យក​ប៉ុណ្ណឹង គេ​មិន​អាប់​ឲ្យ​វិញទេ។ បុរស​ម្នាក់​ដែល​ដើរ​ចេញ​មកពី​ប៉ុស្តិ៍ស្ទឹង​មានជ័យ​និយាយ​ទាំង​សម្លេង​សើច​តិចថា៖ បើ​មិន​ឲ្យ​លុយ​ ធ្វើមិន​បាន ខ្ញុំ​ចំណាយអស់​​៥៥០០០​រៀល​ទើប​ធ្វើ​បាន តុទី១​អស់​២០០០០​រៀល អ្នក​ជួយ​សរសេរ​៥០០០​រៀល ផ្តិត​មេដៃ​៥០០០​រៀល ផ្ទៀង​ផ្ទាត់​គល់​បញ្ជី ១០០០០​រៀល ផ្ទៀងផ្ទាត់ឯកសារ១០០០០​រៀល ថត​រូប​៥០០០​រៀល។ ពួក​គេ​មិន​បាន​ទាម​ទារ​ពី​យើង​ទេ តែ​បើ​មិន​ឲ្យ​លុយ​គេ​មិនងាយ​ធ្វើ​ឲ្យ​យើង​ទេ។

លំនាំ​គ្នា​នេះ បាន​កើត​ឡើង​នៅ​តាម​បណ្តា​ខេត្ត​នានា។ ជាទូ​ទៅ​មន្ត្រី​ដែល​ចុះ​ទៅ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរមិន​ទាម​ទារ​ប្រាក់​ពី​ប្រជាពល​រដ្ឋ​ទេ តែ​វា​ស្តែង​ចេញ​ជាសកម្ម​ភាព​ទៅ​វិញ ដូចជា៖ ខ្វះ​ក្រដាស ឈប់​ការងារ​មុន​ម៉ោង ទុក​ចោល​អ្នក​ដែល​មិន​បង់​លុយ​ ធ្វើ​ការងារ​មួយ​ៗ…។

 

បញ្ជាក់៖ អ្នក​ដែល​បាន​សម្ភាសន៍​សុទ្ធ​តែ​មិន​ហ៊ាន​ប្រាប់​អត្ត​សញ្ញាណរបស់​ពួក​គេ​!

ថ្នាំរបស់​​ខ្ញុំ​នៅឯណា?

ឱសថ​គឺ​ជា​ផ្នែក​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ព្យា​បាល​ជំងឺ ចុះ​បើ​មាន​តែគ្រូ​ពេទ្យ​ ហើយ​ខ្វះ​ខាតឱសថ​និង​បរិក្ខា​​វិញ​ តើ​គុណ​ភាព​នៃ​ការ​ព្យាបាល​នឹងទៅ​ជា​យ៉ាង​ណា?

មិន​មាន​អ្វី​ពិ​បាក​ឆ្លើយ​នោះ​ទេ អ្នក​ដែល​មាន​លុយ​ត្រូវ​ទៅ​ព្យា​បាល​នៅ​ក្រៅ​ប្រទេស ឬ​ជ្រើស​រើស​ក្លីនិក​ឯក​ជន​ដើម្បី​ព្យាបាល ចំណែក​អ្នក​ដែល​មិន​មាន​ជម្រើស​ត្រូវ​ស្វែង​រក​សេវា​សុខាភិបាល​ដែល​ដំណើរ​ការ​ដោយ​រដ្ឋ។ ជា​រឿយៗ នៅ​ពេល​ដែល​ចូល​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ឬ​មណ្ឌលសុខភាព​ អ្នក​ជំងឺ​ទាំងអស់​តម្រូវ​ឲ្យ​បង់​ប្រាក់​ជា​មុន​សិន រួច​អង្គុយ​រង​ចាំ។ ពេល​ពិនិត្យ​រួច ពេទ្យ​ចេញ​វេជ្ជ​បញ្ជាទៅ​ឱសថ​ស្ថានដើម្បី​បើក​ថ្នាំ អ្នក​​បើក​ថ្នាំ​ផ្តល់​ថ្នាំ​តិច​តួច​ប៉ុណ្ណោះ ហើយ​តម្រូវ​ឲ្យ​អ្នកន​ជំងឺ​ទិញ​ថ្នាំ​នៅ​ខាង​ក្រៅ​បន្ថែម (ពេទ្យ​ខ្លះ​ប្រាប់​ទាំងឈ្មោះ​កន្លែង​លក់​ថ្នាំ​ដែល​ត្រូវ​ទៅ​ទិញ​ផង ព្រោះ​មាន​តែ​នៅ​ទី​នោះ​ទេ ទើប​មាន​ថ្នាំ​ប្រភេទ​ហ្នឹង) ដោយ​ប្រាប់​ថា​អត់​មាន​ថ្នាំ។

Ferreស្រប​ពេល​ដែល​ថ្នាំ​ប្រភេទ​ហ្នឹង​គ្មាន​នៅ​ឃ្លាំង​ឱសថ គេ​សង្កេត​ឃើញ​ថ្នាំ​ទាំង​នោះ​មានវត្ត​មាន​​លក់​នៅ​លើ​ទី​ផ្សារ​ទៅ​វិញ ហេតុអ្វី​បាន​ជា​ថ្នាំ​ទាំង​នោះ​ហោះ​ទៅ​នៅ​ទី​ផ្សា​រ​បាន? អ្នក​លក់​ថ្នាំ​ទាំងអស់​បាន​ប្រាប់​ថា ទិញ​ពី​គេ​ តើ​គេ​ជា​នរណា? គ្មាន​នរណា​ឆ្លើយ​បាន។ ឧទាហរណ៍​ ថ្នាំ​ប្រភេទ Ferrous Sulfate+ ដែល​ស្គាល់​ថា​ ថ្នាំ​ជាតិដែក។ ថ្នាំ​នេះ​ត្រូវផ្តល់​ជូន​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ អ្នក​ដែល​បាត់​បង់​គ្រាប់​ឈាម​ក្រហម អ្នក​ស្លេក​ស្លាំង ហើម ឬ​អ្នកដែល​មានគ្រាប់​ឈាម​ស​ច្រើន​ជាង​គ្រាប់​ឈាម​ក្រហម​… គ្មាន​នៅ​តាម​មណ្ឌល​សុខ​ភាព​ទេ រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ អ្នក​ធ្វើ​ការ​នៅ​តាម​មណ្ឌល​សុខភាព​ត្រូវ​ស្វែង​រក​ទិញវា​នៅ​លើ​ទី​ផ្សា​រ ក្នុង​តម្លៃ​ប្រមាណ ៥ ទៅ ៧​ដុល្លា ក្នុង​មួយ​ដប​ដែល​មាន​ចំនួន​១០០០​គ្រាប់។

 

តើ​នរណា​ខ្លះ​ទទួល​ខុស​ត្រូវដោះ​ស្រាយ​បញ្ហា​នេះ?

១. លោករដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាលគួរតែ​ចាត់​វិធាន​ការ​ជាក់ស្តែង​បន្ទាន់​ ដើម្បី​ទប់​ស្កាត់​ស្ថាន​ភាព​អាក្រក់​ទាំង​នេះ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រប់​ឱសថស្ថាននិង​គ្លីនិក​ឯកជន​ទាំងអស់​នឹង​មិន​មាន​វត្តមាន​ឱសថ​ទាំងនេះ

២. ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​​រលួយ​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​បន្ទាន់​ចំពោះភាព​មិន​ប្រក្រតី​នេះ ហើយ​ដាក់​ទោស​ឲ្យ​បាន​ធ្ងន់​ធ្ងរ​ចំពោះ​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​សង្វាក់​នៃ​ការ​លួច​ជាតិ​នេះ​

៣. ពល​រដ្ឋ​ទាំងអស់​គួរតែ​រាយការណ៍​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ករណី​ឃើញ​នរណា​ម្នាក់​លក់​ឱសថ​ដែល​បិទ​ស្លាក​ហាម​លក់​នៅ​លើ​ទី​ផ្សា​រ។

៤. សង្គម​ស៊ីវិល​គួរ​តែ​បង្កើត​លេខ​ទូរស័ព្ទ​ទាក់​ទង​បន្ទាន់​មួយ​សម្រាប់​ទទួល​ព័ត៌មាន​ទាំងនោះពី​អ្នក​ផ្តល់​ព័ត៌មាន ហើយ​ត្រូវ​ប្រាកដ​ថា​បញ្ហា​ទាំង​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

អ្វី​ជា​ការ​ជួញ​ដូរ​មនុស្ស​?

ហេតុអ្វី​បាន​ជា​ការ​ជួញ​ដូរ​មនុស្ស​ជា​អំពើ​ខុស​ច្បាប់? ដោយ​សារ​តែ​អំពើនេះ​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ម៉្យាង​ទៀតមនុស្ស​មិន​មែន​ជា​កម្ម​សិទ្ធិរបស់​នរណា​ម្នាក់ រួម​ទាំង​ម្តាយ​ឳពុក ប្តីឬ​ប្រពន្ធ ម្ចាស់​បំណុល។

You-Can-Stop-Human-Trafficking-760x350ការជួញ​ដូរ​មនុស្ស​មាន​ន័យ​ថា ការ​ជ្រើស​រើស​ ដឹក​ជញ្ជូន ផ្ទេរ ផ្តល់​កន្លែង​លាក់​បំពួន ឬ​ការ​ទទួល​យក​មនុស្ស​ដោយមធ្យោបាយ​​គំរាម​កំហែង ឬ​ប្រើ​កម្លាំង ឬបង្ខិត​បង្ខំ តាម​រូប​ភាព​ផ្សេងៗ ដូច​ជា​ការ​ចាប់​ពង្រត់ ក្លែង​បន្លំ​ បោក​បញ្ឆោត​ រំលោភ​លើ​អំណាច ឬ​តួនាទី​លើ​ជន​ងាយ​ទទួល​រង​គ្រោះដោយ​ផ្តល់ និង​ទទួល​យក​លុយ​កាក់ ឬ​ផល​កម្រៃ​ផ្សេងៗ ដើម្បី​ឲ្យ​មាន​ការ​យល់​ព្រមពី​អ្នក​គ្រប់​គ្រង​នៃ​ជន​ណា​ម្នាក់ ក្នុង​គោល​បំណង​ធ្វើ​អាជីវកម្ម។ ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ត្រូវ​រាប់​បញ្ចូល ការ​ធ្វើ​អាជីវកម្ម​ពេស្យាចារ​លើ​អ្នក​​ដទៃ ឬ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​តាមរូប​ភាព​ផ្សេង​ទៀត ការងារ​ដោយ​បង្ខំ សេវា​ទាសភាព ឬ​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ភាព​ជា​អ្នក​បម្រើ​ដាច់​ថ្លៃ។

យោង​ទៅ​លើ​ពិធី​សារ​ប៉ាលេម៉ូ អាច​ទុក​ថា​ជា​អំពើ​ជួញ​ដូរ​មនុស្ស​បានលុះ​ត្រា​ណា​មាន​ធាតុផ្សំ​ចំនួន​បី គឺ៖ អំពើ គោលបំណង និង​មធ្យោបាយ។ អំពើ ជា​សកម្ម​ភាព​ជ្រើស​រើស ដឹក​ជញ្ជូន ផ្ទេរ លាក់​បំពួន នាំចេញ​ទាំង​ឆ្លងដែន ឬ​ក្នុង​ស្រុក ឬ​ស្ម័គ្រ​ចិត្ត ឬ​ចាប់​ពង្រត់…ជាដើម។ គោល​បំណង​ ដើម្បី​កេង​ប្រវ័ញ្ចលើ​មនុស្ស។ មធ្យោបាយ គឺសំដៅ​លើ​ត្រួតត្រា​លើ​មនុស្ស​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ហឹង្សា​ទៅ​លើ​ជន​រង​គ្រោះ។ ពេល​ខ្លះ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេឃុំឃាំងក្នុង​កន្លែង​បិទ​ជិត​ទេ តែ​ពួក​គាត់​ត្រូវ​បាន​គេ​គំរាម​កំហែង​ផ្លូវ​ចិត្ត ឧទាហរណ៍ អ្នក​អាច​ចាក​ចេញ​ពី​កន្លែង​នេះ​បាន តែខ្ញុំ​នឹង​សម្លាប់​ឳពុកម្តាយ ឬ​សាច់ញាតិ​របស់​អ្នក​ជា​ដើម។

នៅ​ក្នុង​ច្បាប់​ស្តី​ពី ការ​បង្រ្កាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​អំពើ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​ មាត្រា​១០ បាន​កំណត់នូវ​អំពើ​កេង​ប្រវ័ញ្ចរួម​មាន៖ ឈ្លានពានផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ស្មុំកូន ពេស្យាកម្ម រូបភាពនិងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ ពលកម្ម ឬ សេវាដោយបង្ខំ ​ទាសភាព ឬ ការអនុវត្តស្រដៀងគ្នា ការបញ្ចាំខ្លួនដោះបំណុល សេវភាពមិនស្ម័គ្រចិត្ត ពលកម្មកុមារ ការដកហូតសរីរាង្គ។

មនុស្ស​មួយ​ចំនួន​បាន​ចូល​រួមក្នុង​សង្វាក់​នៃ​ការ​ជួញ​ដូរ​មនុស្ស​ដោយ​មិន​ដឹង​ខ្លួន​ អ្នក​ទាំង​នោះ​អាច​ជា៖ ម្ចាស់​សហគ្រាស អ្នក​ដែល​ស្វែង​រក​សេវា​ផ្លូវ​ភេទ អ្នក​ដែល​ឲ្យ​ទាន​ទៅ​កុមារ​ដែល​រងគ្រោះ​តាម​ដង​ផ្លូវ​ឬ​ភោជនីយ៍ដ្ឋាន និង​អ្នក​ដទៃ​ទៀត។ ឈ្មួញជួញ​ដូ​រ​មនុស្ស​អាច​ជា៖​ អ្នក​ស្គាល់​គ្នា សាច់​ញ្ញាត ម្តាយ​ឳពុក មិត្តភក្តិ សង្សារ អ្នក​ធ្វើ​ការ​ងារ​សង្គម​…​​​​ជា​ដើម។

ឧទាហរណ៍៖ ស្រ្តី​ម្នាក់​ដោយសារ​តែ​ភាព​ក្រ នាង​បាន​បញ្ជូន​​កូន​តូច​របស់​ខ្លូន​ឲ្យ​សុំ​ទានតាម​ដង​ផ្លូវ។ នេះ​ជា​អំពើជួញ​ដូរ​មនុស្ស​ ដោយ​សារ​តែ​ស្រ្តី​ម្នាក់​នោះ​បាន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កុមារ​ ហើយ​កុមារ​នោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​មិន​អាច​គេច​ចេញ​ពី​ការ​គ្រប់​គ្រង​ពី​ស្ត្រី​នោះ​បាន។

ខាងក្រោម​គឺ​ជា​ព័ត៌មាន​ខ្លះនៃ​ការជួញ​ដូរ​មនុស្ស​ជុំ​វិញ​ពិភពលោក៖

  • រៀងរាល់​៣០​វិនាទី​មាន​មនុស្ស​ម្នាក់​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​
  • ៩៩%​នៃ​ជន​រង​គ្រោះ​មិន​បាន​ត្រូវ​សង្គ្រោះ​ឡើយ​
  • មាន​មនុស្ស​ប្រមាណ​ពី​២ ទៅ​៤​លាន​នាក់​ត្រូវ​បាន​គេ​ជួញ​ដូរ​ឆ្លង​កាត់​ព្រំដែន​ជា​រៀងរាល់​ឆ្នាំ
  • ការ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ប្រភព​នៃ​ចំណូល​ដ៏​ធំ​មួយ​នៃ​អង្គការ​ចាត់​តាំងឧក្រិដ្ឋកម្ម ដោយ​រួម​ទាំង​ការជួញ​ដូរ​អាវុធ​និង​គ្រឿង​ញៀន ដែល​មាន​ទឹក​ប្រាក់​សរុប ៩.៥ កោដ​ក្នុង​១ឆ្នាំ[1]
  • ភាគ​ច្រើន​លើស​លប់​នៃ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​គឺ​ជា​ស្រ្តី​ និង​កុមារ
  • គិត​ជា​មធ្យម​ស្ត្រី​រងគ្រោះ​ត្រូវ​គេ​ដាក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ​ជា​មធ្យម​២០​ដង​ក្នុង​មួយថ្ងៃ​
  • តាម​ការ​គណនា​របស់ CIA ឃើញ​ថា ជន​រងគ្រោះ​ជា​ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​គេជួញ​ដូរ​អាច​រកចំណូល​បាន​ប្រមាណ​២៥០០០០ ដុល្លាសហរដ្ឋ​អាមេរិក[2]
  • ​កុមារ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​ពី​ទី​ជន​បទ​ ដើម្បី​កេង​ប្រវ័ញ្ច​ក្នុង​វិស័យ​ការងារ​ដោះ​បំណុល កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ រៀបការ ការ​ស្មុំ​កូន​ដោយ​ខុស​ច្បាប់ និង​សុំ​ទាន
  • ក្មេង​ស្រី​ ដែល​ក្មេង​ស្រី​ខ្លះ​អាយុ​តិចជាង​១២​ឆ្នាំ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ផ្ទះ​បន កន្លែង​ម៉ាស្សា​ ពេស្យាចារ រង្គសាល​រាំស្រាត ឬ​ជា​កម្ម​វត្ថុនៃ​ការ​ផលិត​សម្ភារៈ​អាសអាភាស
  • កុមារ​មួយ​ចំនួន​ត្រូវ​ជ្រើស​និង​ជួញ​ដូរ​ក្នុង​ការ​ងារ​លក់​ទំនិញ​ឬ​សុំ​ទាន
  • កុមារ​សុំ​ទាន​ពេល​ខ្លះ​ត្រូវ​អ្នក​កេង​ប្រ​វ័ញ្ចបង្ក​របួស​ស្នាម និង​​​ធ្វើ​ឲ្យ​មានពិការ​ភាព ដើម្បី​ងាយ​រក​ប្រាក់​ពី​អ្នក​ឲ្យ​ទាន[3]
  • ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ដោយ​អំពើ​កេង​ប្រវ័ញ្ចផ្លូវ​ភេទ និង​ទាសភាព​សម័យ​ទំនើប​ មាន​អាយុ​ក្រោម​១៨​ឆ្នាំ[4]
  • ក្នុង​ចំណោម​ជន​រងគ្រោះ​៧៥០០០​នាក់ មាន​តែ​ជន​ល្មើស​ម្នាក់​គត់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន[5]
  • កុមារ ៣០០០០០ នៅ​សហរដ្ឋ​អាមេរិក​ប្រឈម​មុខ​នឹង​ការ​កេង​ប្រវ័ញ្ច​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទរៀង​រាល់​ឆ្នាំ
  • មាន​ជន​បរទេស​ប្រមាណ១៤៥០០ ទៅ​១៧៥០០ ត្រូវ​បាន​គេជួញ​ដូរ​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិកក្នុង​មួយឆ្នាំៗ។ ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​បាន​ជួញ​ដូរ​ក្នុង​ប្រទេស​នៅ​តែ​​មាន​ចំនួន​ច្រើន តាម​ការ​ប៉ាន់​ប្រមាណ​មាន​កុមារ​អាមេរិក​ចំនួន​២០០០០០​នាក់​ប្រឈម​មុខ​និង​ការ​ជួញ​ដូរ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ[6]
  • ក្នុង​ចំណោម​កុមារ​ ២.៥ លាននាក់​ ដែល​ភាគ​ច្រើន​ជា​ក្មេង​ស្រី ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទបាន​រាប់​កោដ្ឋ​ដុល្លា​សហរដ្ឋ​អាមេរិក​ ពី​ឧស្សាហកម្ម​ផ្លូវ​ភេទ

 

 

 

ឯកសារ​យោង៖

[1] របាយការ​ណ៍​ស្តី​ពី​ការជួញ​ដូរមនុស្ស​របស់​សហរដ្ឋអាមេរិក​ ឆ្នាំ​២០០៧

[2] Trafficking in Persons: U.S. Policy and Issues for Congress, 2007

[3] www.thea21campaign.org

[4] www.un.org/News/briefings/docs/2009/090212_UNODC.doc.htm

[5] www.onevoicetoendslavery.com

[6] របាយ​ការណ៍​របស់​ក្រសួង​យុត្តិធ៌ម​អាមេរិក //U.S Department of Justice Report to Congress from Attorney General John Ashcroft on U.S. Government Efforts to Combat Trafficking in Persons

ស៊ីតាម​ជំនាញ មាន​តាម​ចំណង់

bribeនៅ​កម្ពុជា ការ​ផ្តល់​សំណូក​ស្ទើ​តែ​​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ពល​រដ្ឋ​ដែល​ប្រើ​ប្រាស់​សេវា​សាធារណៈ​របស់​រដ្ឋ ដូចជា​៖ ការ​ចុះ​ឈ្មោះ​កូន​ចូល​រៀន សុំ​ហត្ថលេខា​ពី​មេឃុំ ឬ​កិច្ច​ការងារ​ដទៃ​ទៀត។ អំពើ​សូក​មាន​រូប​ភាព​ខុស​ៗ​គ្នា ខ្លះ​ជា​ការ​តបស្នង​សង​គុណដែល​បាន​ជួយ​ ខ្លះ​គេ​ហៅ​ថាសណ្តាន​ចិត្ត ខ្លះ​ហៅ​ថា​ថ្លៃ​រត់​ការ ខ្លះ​ហៅ​ថាថ្លៃ​ទឹក​តែ ខ្លះ​ហៅ​ថា​​ថ្លៃ​គុយ​ទាវ​ កាហ្វេរ ខ្លះ​ហៅ​ថា​ថ្លៃ​សាំង​ទៅ​ស៊ី​ញ៉េ​​…ជាដើម។

ប្រសិន​បើ​អ្នក​ទៅ​សាលា​ឃុំ ឬ​សាលា​សង្កាត់​ណាមួយ​ (មិន​ទាំង​អស់​នោះ​ទេ) អ្នក​នឹង​ជួប​នូវ​ហេតុការ​មួយ​គឺ ខុស​មិន​ចេះ​ចប់ ខុស​ដោយ​គ្មាន​ហេតុ​ផល ឬ​មេឃុំ/ចៅ​សង្កាត់​មិន​នៅ ហើយ​ចុង​ក្រោយ​អ្នក​នឹង​ទទួល​បាន​ការ​ណែនាំ​ថា ឲ្យ​គេ​ជួយ​រៀប​ចំ​ឲ្យ​ទៅ ហើយ​ឲ្យ​ថ្លៃ​គុយ​ទាវ​ កាហ្វេរ​គេ​ខ្លះ​ទៅ ចាំ​បាច់​នាំ​លំ​បាក​ធ្វើ​អ្វី។

ឧទាហរណ៍៖ ប្រជា​ពលរដ្ឋ​ម្នាក់​ត្រូវ​ការ​ខ្ចី​លុយ​ពី​ធនាគារ​ដើម្បី​ធ្វើ​ដើម​ទុន គាត់​ត្រូវ​ជួប​ធនា​គារ​ដើម្បី​ខ្ចី​បំណុល​ពី​ធនាគារ ឯកសារ​ផ្លូវ​ច្បាប់​ត្រូវ​បាន​តម្រូវ។ ពេល​ដែល​គាត់​យក​ឯកសារ​ទៅ​សុំ​ការទទួល​ស្គាល់​ពី​អាជ្ញាធរ​ដែន​ដី បែរ​ជា​ត្រូវ​គេ​ទា​ថ្លៃ​រៀប​ចំ​និង​ត្រួត​ពិនិត្យ​ឯកសារ (សង្កាត់​ខ្លះ ២០​ដុល្លា ខ្លះ​៣០​ដុល្លា ខ្លះ​៥០ដុល្លា ដោយ​មិន​រាប់​បញ្ចូល​មេភូមិ​នោះ​ទេ)។ ពួក​គាត់​ក្រ ត្រូវ​ការ​លុយ​ពី​ធនាគារ​ដើម្បី​ធ្វើ​ដើម​ទុន ហេតុ​អ្វី​បាន​ជា​លើក​ដៃ​យក​លុយ​ពី​ពួក​គាត់ទៅ​កើត?

ប្រសិន​បើ​យើង​ងាក​ទៅ​ខាង​ផ្នែក​បណ្តុះ​បណ្តាល​វិញ ចាប់តាំង​ពី​ថ្នាក់​ទី​១​ទៅ សិស្ស​ត្រូវ​កាន់​លុយ​ទៅ​សូក​គ្រូរៀង​រាល់​ថ្ងៃ​ ចាប់​ពី​៥០០​រៀល ទៅ​១៥០០​រៀល ឬ​លើស​ពី​នេះ​ ក្រោម​ហេតុ​ផល​បង់​គួរ​ឲ្យ​គ្រូ ដែល​នេះ​មិនរាប់​បញ្ចូល​ការរៃអង្គាស​ផ្សេងៗ និង​ការ​សូក​លុយ​ដើម្បី​ឡើង​ថ្នាក់ឬ​លុប​ចំនួន​អវត្ត​មាន​ឡើយ។ អ្នក​ដែល​មាន​ជីវភាព​ធូរធាមួយ​ចំនួន​បាន​ជូន​លុយ​ ឬ​សម្ភារៈប្រើ​ប្រាស់នៅ​ចុង​ខែ ឬក្នុង​វេលា​បុណ្យទាន​ ជាថ្នូរ​នឹង​ការ​ខិតខំ​មើល​ថែ​កូន​ៗ ដែលពួក​គេ​បានផ្ញើ​។ ពិបាក​បន្ទោស ព្រោះ​ប្រាក់​ខែ​ដែល​គ្រូ​ទទួល​បាន​មិន​ទាន់ឆ្លើយ​តប​តម្រូវ​ការ​ចំណាយ​លើទីផ្សារ​បច្ចុប្បន្ន។

ប្រាក់​ខែចាយ​មិនគ្រប់  បើនិយាយ​ពី​ប្រាក់​ឩបត្ថម្ភ​កូននិង​ប្រពន្ធ​វិញមិន​បាច់​ថ្លែងទេ បើក​ម្តង​ទិញ​គុយទាវមួយ​ចាន​មិន​បាន​ផង (៧០០០​រៀល​ សម្រាប់​ប្រពន្ធ និង​៥០០០​រៀល​សម្រាប់​កូន)

មិន​ត្រឹម​តែ​ការទទួល​សេវា​សាធារណៈប៉ុណ្ណោះ​ទេ ដោយ​ឡែកនៅ​តាម​ដង​ផ្លូវវិញ ប៉ូលីស​ចរាចរ​ធ្វើ​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ផាក​ពិន័យ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​រំលោភ​ច្បាប់ តែ​ការ​សម្រួល​ចរាចរវិញ​ហាក់ដូច​មិន​សូវ​ជាអើពើ​ខ្លាំងណាស់​ណា​នោះ​ទេ។ ជារឿយ​គេ​តែង​សង្កេត​ឃើញថា ប៉ូលីស​ចរាចរ​ចូល​ចិត្ត​ផាក​អ្នក​ពិន័យ​អ្នក​ដែលជិះ​ម៉ូតូ ឬរថយន្ត​មិនសូវ​ទំនើប​ ជាងរថយន្ត​ទំនើបៗ​ ពេលខ្លះថែម​ទាំងជួយ​សម្រួល​ចរាចរ​ដល់​រថយន្ត​ទំនើ​ប​ៗខណៈដែលពួក​គេ​បើកបរ​ខុស​គន្លងផ្លូវ​ (បើកបញ្ច្រាស់)។ បើនិយាយ​ពី​ការ​ផាកវិញ គឺ​ទាមទា​រកប់ពពក ហើយ​មាន​ម្នាក់​ជាអ្នក​ជួយ​សម្រួល បង់លុយ​រួច​មិន​ផ្តល់​វិក័យ​ប័ត្រ។ ប្រសិន​បើ​ជួប​អ្នក​មក​ពី​ចំងាយ ដែលនិយម​ហៅថាអ្នក​ស្រែ វិញ​នោះ ក្រុម​ប៉ូលីស​ទាំងនោះ​សំឡុត​ស្ទើរតែ​ដក​ដង្ហើម​មិន​រួច។

កាល​ពី​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​ប៉ូលីស​ដែល​ឈរជើង​តាម​ច្រក​ចេញ​រាជ​ធានីភ្នំពេញ​រក​លុយ​បាន​ច្រើន​ណាស់ពី​អ្នក​បើកបរ​រថយន្ត​ឈ្នួលដឹកមនុស្ស​សំពីងសំពោង។ ពួក​គេ​មិន​ខ្វល់​ពី​ការអនុវត្តច្បាប់ មិនខ្វល់​ពី​គ្រោះ​ថ្នាក់ ខ្វល់​តែ​មួយ​គត់​គឺ​លុយ។

ចំណែក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ​ក៏​មិន​អន់​ដែរ ពួក​គេ​បាន​ព្រួត​ដៃ​គ្នា​កិប​កេង​ប្រាក់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ តាម​រយៈការក្លែង​បន្លំបញ្ជីរឬ​វិក័យប័ត្រ តំឡើង​តម្លៃ​ទំនិញ​ ទិញ​ទំនិញ​គ្មាន​គុណ​ភាព​ក្នុង​តម្លៃខ្ពស់ កិបកេង​ថ្លៃអាហារ​សម្រាប់​ផ្គត់​ផ្គង់​ក្រុម​គោល​ដៅ ជាដើម។ ស្ថាប័ន​ខ្លះ​ត្រូវ​គេ​ហៅ​ថា អង្គការ​គ្រួសារ ព្រោះ​មាន​ម្តាយ​ជា​ប្រធាន​កូន​ជា​ប្រធានកម្ម​វិធី អាចក្មួយ​ជាអ្នក​កាន់​បញ្ជី​ចំណាយ និង​សាច់​ញ្ញាត​ដទៃ​ទៀត​ជា​អ្នក​កាន់​ការងារ​សំខាន់ៗ។

ក្នុង​នាម​ជា​ពលរដ្ឋ​ ជាកោសិការ​របស់​សង្គម​មួយ​នេះ​យើង​ត្រូវ​ឆ្លើយ​ទេ ចំពោះ​អំពើ​ពុករលួយ​ សូក​ប៉ាន់ និង​រាយការណ៍​បន្ទាន់​ទៅ​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​។ តាម​ដាន​រាល់​ដំណើរ​ការ​នានា​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​កំឡុងពេល​បំពេញ​អាណត្តិការងារ​របស់​គាត់។ រាល់​ការ​ផាក​ពិន័យ ឬ​ការចំណាយ​នានា ត្រូវ​តែ​ទាមទារ​វិក័យ​ប័ត្រ។

រដ្ឋាភិបាល​វិញ​គួរ​តែ​ចាត់​វិធាន​ការ​តឹង​រឹង​ចំពោះមន្ត្រី​ណាដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។ ក្រសួង​អប់រំ យុវជន​ និងកីឡា គួរតែ​ជាលុប​បំបាត់​អំពើពុករលួយ​នេះឲ្យ​បាន​ ព្រោះ​ជាស្ថាប័ន​គម្រូរ​ ហើយសិស្ស​ត្រូវ​ស្ថិត​ក្នុង​សាលារៀន​ច្រើន​ជាង​១២​ឆ្នាំ ដូចនេះ​បើសាលា​បង្ហាត់​កុមារ​ឲ្យ​ចេះ​ពុក​រលួយ​ តើ​យើង​អាច​ជឿបាន​ទេ​ថា កុមារទាំងនោះ​នឹង​ប្រឆាំងអំពើរ​ពុក​រលួយ​ នៅ​រយៈ១៦​ឆ្នាំ​បន្ទាប់​?

 

រូប​ភាព​ដោយ៖ http://alfredmeier.me/2013/06/14/cambodian-cpp-absent-from-event-against-corruption/