កន្ទុយ​លេខ

_MG_0766រលកទីពីរ​បាន​បក​បោក​យ៉ាង​ខ្លាំង បន្ទាប់ពី​រលក​ទីមួយ​ស្ងប់​ស្ងាត់​មួយ​រយៈ​ដោយសារ​តែ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​ដាក់​ចេញ ស្រប​ពេល​ដែល​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ល្បែង​ស៊ីសង​ឆ្នោត​ កន្ទុយលេខ ទូទាំងប្រទេស។

រាល់​ថ្ងៃ​ មនុស្ស​​ម្នា​រ​មួយ​ចំនួន​នៅ​តាម​ភូមិ​ឃុំ​បាន​អង្គុយ​ជុំ​នុំគ្នា​ ពិភាក្សា​អំពី​ការ​យល់​សុបិន្តពីយប់​ រួច​កាត់​ជា​លេខ​ហើយ​នាំ​គ្នា​ចាក់​កន្ទុយ​លេខ ចំណែក​អ្នក​ប្រតិបត្តិ​វិញ​ក៏​មិន​នៅ​ស្ងៀម​ដែរ​ ម្នាក់​មមាញឹក​ក្នុង​ការ​កត់​ត្រា​លេខ ប្រមូល​លុយ និង​ផ្ញើ​សារ​ទៅ​មេ​កន្ទុយលេខ​ឲ្យ​ទាន់​ពេល​វេលា​ ព្រោះ​មួយ​ថ្ងៃៗ​កន្ទុយ​លេខ​ចេញ​ដល់​ទី​៣​ដង​ឯណោះ។

ស្ត្រី​ម្នាក់​ដែល​កំពុង​លក់​បន្លែនៅ​ក្នុង​ភូមិមួយ​របស់​សង្កាត់​ស្ទឹង​មានជ័យ​ មាន​ទឹក​មុខ​មិន​សូវ​រីក​រាយ​បាន​ប្រាប់​ថា ថ្ងៃ​នេះ​មេ​ស៊ីអស់ ស៊ី​តាំងពី​ព្រឹក​មក​អស់​ជាង​ដប់​ម៉ឺន។ មាន​អ្នក​ភូមិ​ផ្សេង​ទៀត​ក៏​មាន​ស្ងាន​ភាព​មិន​ខុស​ពីគាត់​ប៉ុន្មាន​ទេ។ បុរសម្នាក់​មាន​ទឹក​មុខ​រីក​ស្រស់​ដូចគ្រាប់​ជី​ត្រាំទឹក​បាន​និយាយ​ថា៖ ថ្ងៃ​នេះ​ត្រូវ​កន្ទុយ​លេខ​៣លេខ បាន១០០០​ដើម ដែលគិត​ជា​រង្វាន់​ប្រមាណ​ ៦០០០០០​រៀល​។ តែ​នៅ​ពេល​សួរ​គាត់​ថា​ តើ​អ្នក​ត្រូវ​ឆ្នោត​ហ្នឹង​ញឹក​ញាប់​ទេ​ គាត់​បាន​និយាយ​ថា មិន​ទៀង​យូរ​ត្រូវ​ម្តង ពេល​ណាង​ហេង​ទៅ​ត្រូវ​២ដង​ក្នុង​មួយ​សប្តាហ៍។ អ្នក​ភូមិមួយ​ចំនួន​បាន​ខ្ចី​លុយ​ឯកជន​ មាន​ការ​ប្រាក់​ខ្ពស់​ដើម្បី​ធ្វើ​ជា​ដើមទុន​ក្នុង​ភ្នាល់​ចាក់​កន្ទុយ​លេខ​នេះ​។

កន្ទុយ​លេខ​អាច​ជាផ្នែកមួយនៃ​ឬសគល់​នាំ​មក​នូវ​ភាព​ក្រី​ក្រ

ក្រៅពី​កន្ទុយ​លេខ ឆ្នោត​យួន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​វត្ត​មាន​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ទី​ក្រុង​ភ្នំ​ពេញ ដែល​ពី​ដើម​ឡើយ​មាន​តែ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ខ្មែរ​ វៀតណាម​។ ឆ្នោត​ប្រភេទ​នេះ ចូល​មក​ស្រុក​ខ្មែរ​គ្មានច្បាប់​អនុញ្ញាតិ​នោះ​ទេ។ ជា​រៀងរាល់​ថ្ងៃ​ លុយ​រាប់​លានរៀល​ត្រូវ​បាន​គេ​ដឹក​ត្រលប់​ទៅ​ប្រទេស​វៀតណាម​វិញ​ តាម​រយៈ​ការ​លក់​ដូរ​ឆ្នោត​នេះ​។ ចំណែក​នាគ​នាំ​សំណាង​ ក៏មាន​វត្តមាន​ និង​បាន​ចេញ​ផ្សាយ​រាល់​ថ្ងៃ​នៅ​លើ​កញ្ចក់​ទូរទស្ស​ន៍។ នៅ​ខេត្ត​មួយ​ចំនួន​ដូចជា៖​បាត់​ដំបង​ បន្ទាយ​មាន​ជ័យ សៀមរាប… គេ​និយម​លេខ​ឆ្នោត​ថៃ​។

សូម​បញ្ជាក់​ថា​ គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​មាន​៩ចំនុច​សំខាន់។ គោល​ដៅ​ទី​៥ បាន​កំណត់​អំពី​ការទប់​ស្កាត់​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​ភូមិ​ ឃុំ/សង្កាត់។