ហេតុអ្វីបានជាការជួញដូរមនុស្សជាអំពើខុសច្បាប់? ដោយសារតែអំពើនេះមានចែងក្នុងច្បាប់ ហើយម៉្យាងទៀតមនុស្សមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ រួមទាំងម្តាយឳពុក ប្តីឬប្រពន្ធ ម្ចាស់បំណុល។
ការជួញដូរមនុស្សមានន័យថា ការជ្រើសរើស ដឹកជញ្ជូន ផ្ទេរ ផ្តល់កន្លែងលាក់បំពួន ឬការទទួលយកមនុស្សដោយមធ្យោបាយគំរាមកំហែង ឬប្រើកម្លាំង ឬបង្ខិតបង្ខំ តាមរូបភាពផ្សេងៗ ដូចជាការចាប់ពង្រត់ ក្លែងបន្លំ បោកបញ្ឆោត រំលោភលើអំណាច ឬតួនាទីលើជនងាយទទួលរងគ្រោះដោយផ្តល់ និងទទួលយកលុយកាក់ ឬផលកម្រៃផ្សេងៗ ដើម្បីឲ្យមានការយល់ព្រមពីអ្នកគ្រប់គ្រងនៃជនណាម្នាក់ ក្នុងគោលបំណងធ្វើអាជីវកម្ម។ ការធ្វើអាជីវកម្មផ្លូវភេទត្រូវរាប់បញ្ចូល ការធ្វើអាជីវកម្មពេស្យាចារលើអ្នកដទៃ ឬធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពផ្សេងទៀត ការងារដោយបង្ខំ សេវាទាសភាព ឬការអនុវត្តដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងភាពជាអ្នកបម្រើដាច់ថ្លៃ។
យោងទៅលើពិធីសារប៉ាលេម៉ូ អាចទុកថាជាអំពើជួញដូរមនុស្សបានលុះត្រាណាមានធាតុផ្សំចំនួនបី គឺ៖ អំពើ គោលបំណង និងមធ្យោបាយ។ អំពើ ជាសកម្មភាពជ្រើសរើស ដឹកជញ្ជូន ផ្ទេរ លាក់បំពួន នាំចេញទាំងឆ្លងដែន ឬក្នុងស្រុក ឬស្ម័គ្រចិត្ត ឬចាប់ពង្រត់…ជាដើម។ គោលបំណង ដើម្បីកេងប្រវ័ញ្ចលើមនុស្ស។ មធ្យោបាយ គឺសំដៅលើត្រួតត្រាលើមនុស្សដោយប្រើប្រាស់មធ្យោបាយហឹង្សាទៅលើជនរងគ្រោះ។ ពេលខ្លះជនរងគ្រោះមិនត្រូវបានគេឃុំឃាំងក្នុងកន្លែងបិទជិតទេ តែពួកគាត់ត្រូវបានគេគំរាមកំហែងផ្លូវចិត្ត ឧទាហរណ៍ អ្នកអាចចាកចេញពីកន្លែងនេះបាន តែខ្ញុំនឹងសម្លាប់ឳពុកម្តាយ ឬសាច់ញាតិរបស់អ្នកជាដើម។
នៅក្នុងច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្សនិងអំពើកេងប្រវ័ញ្ចផ្លូវភេទ មាត្រា១០ បានកំណត់នូវអំពើកេងប្រវ័ញ្ចរួមមាន៖ ឈ្លានពានផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ស្មុំកូន ពេស្យាកម្ម រូបភាពនិងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ ពលកម្ម ឬ សេវាដោយបង្ខំ ទាសភាព ឬ ការអនុវត្តស្រដៀងគ្នា ការបញ្ចាំខ្លួនដោះបំណុល សេវភាពមិនស្ម័គ្រចិត្ត ពលកម្មកុមារ ការដកហូតសរីរាង្គ។
មនុស្សមួយចំនួនបានចូលរួមក្នុងសង្វាក់នៃការជួញដូរមនុស្សដោយមិនដឹងខ្លួន អ្នកទាំងនោះអាចជា៖ ម្ចាស់សហគ្រាស អ្នកដែលស្វែងរកសេវាផ្លូវភេទ អ្នកដែលឲ្យទានទៅកុមារដែលរងគ្រោះតាមដងផ្លូវឬភោជនីយ៍ដ្ឋាន និងអ្នកដទៃទៀត។ ឈ្មួញជួញដូរមនុស្សអាចជា៖ អ្នកស្គាល់គ្នា សាច់ញ្ញាត ម្តាយឳពុក មិត្តភក្តិ សង្សារ អ្នកធ្វើការងារសង្គម…ជាដើម។
ឧទាហរណ៍៖ ស្រ្តីម្នាក់ដោយសារតែភាពក្រ នាងបានបញ្ជូនកូនតូចរបស់ខ្លូនឲ្យសុំទានតាមដងផ្លូវ។ នេះជាអំពើជួញដូរមនុស្ស ដោយសារតែស្រ្តីម្នាក់នោះបានកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កុមារ ហើយកុមារនោះស្ថិតក្នុងស្ថានភាពដែលមិនអាចគេចចេញពីការគ្រប់គ្រងពីស្ត្រីនោះបាន។
ខាងក្រោមគឺជាព័ត៌មានខ្លះនៃការជួញដូរមនុស្សជុំវិញពិភពលោក៖
- រៀងរាល់៣០វិនាទីមានមនុស្សម្នាក់ក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស
- ៩៩%នៃជនរងគ្រោះមិនបានត្រូវសង្គ្រោះឡើយ
- មានមនុស្សប្រមាណពី២ ទៅ៤លាននាក់ត្រូវបានគេជួញដូរឆ្លងកាត់ព្រំដែនជារៀងរាល់ឆ្នាំ
- ការជួញដូរមនុស្សគឺជាប្រភពនៃចំណូលដ៏ធំមួយនៃអង្គការចាត់តាំងឧក្រិដ្ឋកម្ម ដោយរួមទាំងការជួញដូរអាវុធនិងគ្រឿងញៀន ដែលមានទឹកប្រាក់សរុប ៩.៥ កោដក្នុង១ឆ្នាំ[1]។
- ភាគច្រើនលើសលប់នៃជនរងគ្រោះដោយអំពើជួញដូរមនុស្សគឺជាស្រ្តី និងកុមារ
- គិតជាមធ្យមស្ត្រីរងគ្រោះត្រូវគេដាក់ឲ្យបម្រើផ្លូវភេទជាមធ្យម២០ដងក្នុងមួយថ្ងៃ
- តាមការគណនារបស់ CIA ឃើញថា ជនរងគ្រោះជាស្រ្តីម្នាក់ដែលត្រូវបានគេជួញដូរអាចរកចំណូលបានប្រមាណ២៥០០០០ ដុល្លាសហរដ្ឋអាមេរិក[2]
- កុមារត្រូវបានគេចាប់ពង្រត់ពីទីជនបទ ដើម្បីកេងប្រវ័ញ្ចក្នុងវិស័យការងារដោះបំណុល កេងប្រវ័ញ្ចផ្លូវភេទ រៀបការ ការស្មុំកូនដោយខុសច្បាប់ និងសុំទាន
- ក្មេងស្រី ដែលក្មេងស្រីខ្លះអាយុតិចជាង១២ឆ្នាំ ត្រូវបានគេបង្ខំឲ្យធ្វើការនៅផ្ទះបន កន្លែងម៉ាស្សា ពេស្យាចារ រង្គសាលរាំស្រាត ឬជាកម្មវត្ថុនៃការផលិតសម្ភារៈអាសអាភាស
- កុមារមួយចំនួនត្រូវជ្រើសនិងជួញដូរក្នុងការងារលក់ទំនិញឬសុំទាន
- កុមារសុំទានពេលខ្លះត្រូវអ្នកកេងប្រវ័ញ្ចបង្ករបួសស្នាម និងធ្វើឲ្យមានពិការភាព ដើម្បីងាយរកប្រាក់ពីអ្នកឲ្យទាន[3]
- ភាគច្រើននៃជនរងគ្រោះដោយអំពើកេងប្រវ័ញ្ចផ្លូវភេទ និងទាសភាពសម័យទំនើប មានអាយុក្រោម១៨ឆ្នាំ[4]
- ក្នុងចំណោមជនរងគ្រោះ៧៥០០០នាក់ មានតែជនល្មើសម្នាក់គត់ដែលត្រូវបានចាប់ខ្លួន[5]
- កុមារ ៣០០០០០ នៅសហរដ្ឋអាមេរិកប្រឈមមុខនឹងការកេងប្រវ័ញ្ចក្នុងឧស្សាហកម្មផ្លូវភេទរៀងរាល់ឆ្នាំ
- មានជនបរទេសប្រមាណ១៤៥០០ ទៅ១៧៥០០ ត្រូវបានគេជួញដូរចូលទៅក្នុងសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។ ចំនួនពលរដ្ឋអាមេរិកដែលបានជួញដូរក្នុងប្រទេសនៅតែមានចំនួនច្រើន តាមការប៉ាន់ប្រមាណមានកុមារអាមេរិកចំនួន២០០០០០នាក់ប្រឈមមុខនិងការជួញដូរក្នុងឧស្សាហកម្មផ្លូវភេទ[6]។
- ក្នុងចំណោមកុមារ ២.៥ លាននាក់ ដែលភាគច្រើនជាក្មេងស្រី ត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទបានរាប់កោដ្ឋដុល្លាសហរដ្ឋអាមេរិក ពីឧស្សាហកម្មផ្លូវភេទ
ឯកសារយោង៖
[1] របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក ឆ្នាំ២០០៧
[2] Trafficking in Persons: U.S. Policy and Issues for Congress, 2007
[4] www.un.org/News/briefings/docs/2009/090212_UNODC.doc.htm
[5] www.onevoicetoendslavery.com
[6] របាយការណ៍របស់ក្រសួងយុត្តិធ៌មអាមេរិក //U.S Department of Justice Report to Congress from Attorney General John Ashcroft on U.S. Government Efforts to Combat Trafficking in Persons