ជំងឺ​អាត្មា​និយម

Cartoon-Hole in the boatជំងឺ​អាត្មានិយ​ម​បាន​ចាក់​ឬសគល់​យ៉ាង​ជ្រៅ​ក្នុង​ស្រទាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ យើង​អាច​មើល​ឃើញ​តាម​រយៈ​ការ​ប្រតិបត្តការងារ​ប្រចាំថ្ងៃ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យើង​សង្កេត​ឃើញ​ថា​ ភាព​អាត្មានិយម​កាន់​តែ​អាក្រក់ទៅ បើ​ទោះ​បី​ជា​យើង​ឃើញថា​មាន​ការ​ជួយ​គ្នា​ខ្លះ​ក្នុង​សង្គមក៏ដោយ។ ជំងឺ​អាត្មានិយម​នេះ​បាន​រីក​រាល​ដាល​ដល់​​បក្ស​ ដល់​រដ្ឋា​ភិបាល វិស័យឯកជន​ និង​ជា​ពិសេស​គឺ​សង្គម​ស៊ីវិល​។

១. ជំងឺអាត្មា​និយម​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​តែងតែ​មាន​ទស្សនៈ​ថា “ងាប់​អាណាងាប់​ទៅ​កុំឲ្យ​តែ​ងាប់​អញនិង​ក្រុម​គ្រួសារ​អញ” យើង​អាច​សង្កេត​ឃើញ​តាម​រយៈ​ការ​លក់ដូរ​ចំណី​ប្រចាំថ្ងៃ​​(ប្រើប្រាស់​ផលិតផលគ្មាន​គុណ​ភាព​ លៀង​សម្អាត​បន្លែមិន​បាន​ស្អាតល្អ​ ប្រើ​ប្រាស់សារធាតុ​គីមី​ជំនួស…) ការ​ដាំ​ដំណាំឬ​ចិញ្ចឹម​សត្វសម្រាប់លក់ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ (បើក​បរ​បញ្ច្រាស់​ទិស មិន​គោរព​ស្លាកសញ្ញា ភ្លើង​សញ្ញា រុល​ទៅ​មុខ​មិនខ្វល់​ពី​អ្នកដទៃ​ ពេល​មាន​គ្រោះ​ថ្នាក់​មិន​ទទួល​ទទួល​ខុស​ត្រូវ​…) ការ​រំលោភ​យក​ដី​ កាប់​ព្រៃ​ឈើ កេង​ប្រវ័ញ្ច ឈ្នានីស រំលោភ​លើ​ចំណី​ថ្នល់ បោក​បន្លំ ពុករលួយ​…។ល។ ទាំងនេះ​ធ្វើឡើង​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ​របស់​ខ្លួន។

 

២. ជំងឺ​អាត្មានិយម​កើត​ចេញ​ពី​រដ្ឋា​ភិបាល និង​បក្ស​នយោបាយ

ចំពោះ​រដ្ឋាភិបាល​វិញ​ក៏មិន​ណយ​ដែរ​ គឺ​ធ្វើ​អ្វី​ៗទាំងអស់ដើម្បី​តែ​ខ្លួន​ឯង​ជា​ពិសេស​គឺ​សម្រាប់​មនុស្ស​ដែល​ដឹក​នាំ​ស្ថាប័ន​ ជាក់​ស្តែង​ដូច​ជា​ការ​កសាងហេដ្ឋារចនា​សម្ព័ន្ធ​ ការ​ដោះ​ដូរ​ទីតាំង​របស់​រដ្ឋ ការ​តាកតែង​ច្បាប់ និទណ្ឌ​ភាព…។ ឧទាហរណ៍៖ ធ្វើ​ផ្លូវ​មួយ​ខ្សែ​ ដាក់​សួន​ច្បារ​កណ្តាល​ផ្លូវដ៏ធំ សំណួរសួរ​ថា​នរណា​ដើ​រ​លើ​សួន​ច្បារ​កណ្តាល​ផ្លូវ​នេះ​? ចម្លើយ​គឺ ដើម្បី​សោភ័ណ្ឌ​ភាព​ទីក្រុង​ឬ​តាម​ដង​ផ្លូវ តែ​ចម្លើយ​ជាក់លាក់​គឺ ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ថ្លៃ​ដាក់​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ផ្លូវ​នេះ។ យើងអាច​មើល​ឃើញ​នូវ​ទិដ្ឋ​ភាព​ផ្លូវ​៣០ម៉ែត្រ​ក្នុង​ខេត្ត​សៀម​រាប ទំហំ​សួន​ច្បារ​កណ្តាល​ផ្លូវ​ប៉ុនគ្នា​នឹង​ទំហំ​ទ្រូង​ផ្លូវ​សម្រាប់​បើក​បរ។ នៅ​លើ​សួន​នោះ​គ្មាន​អ្វី​ក្រៅ​តែ​ពី​អាចម័​ឆ្កែ​និង​សម្ភារៈរបស់​ពល​រដ្ឋ​ដែល​រស់​តាម​ដង​ផ្លូវ​នោះ​ដាក់​ហាល​ទេ។ ផ្លូវ​វ៉េងស្រេង​ សួន​ច្បារ​កណ្តាល​ទ្រូង​ផ្លូវ​អាច​បើក​រថ​យន្ត​ប្រភេទ​ទេសចរណ៍​បា​ន​មួយ​គ្រឿង​…។ ពេលខ្លះ​ អ្នក​ដឹកនាំ​យក​មុខ​យក​មាត់​ពី​ពល​រដ្ឋខ្លួន​ដើម្បី​តែ​អំណាច​ខ្លួន​ឯង​ប៉ុណ្ណោះ។ ឩទាហរណ៍៖ ករណី​កញ្ញា សាសា អ្នក​ដឹកនាំ​កំពូល​ៗនាំគ្នា​អន្តរាគម​ឲ្យជន​ល្មើស​ចេញខ្លួន​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ តែ​ករណី​ផ្សេងទៀត​លំនាំ​គ្នា​ហ្នឹង​ដែរ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ដូចជា​ករណី​ អ្នក​ស្រី​ ពិសិដ្ឋ ពិលីកា ទូច​ ស្រីនិច្ច ពៅ​ បញ្ញាពេជ្រ សកម្ម​ជន​ជា​ស្ត្រី​នៅបឹងកក់ កម្មកររោងចក្រ​ដែល​ឈូក​ បណ្ឌិត​ បាញ់ជាដើម។

ងាក​មក​គណបក្ស​នយោបាយ​វិញ គណ​បក្សខ្លះ ដើម្បី​ក្រុម​ខ្លួន​បាន​បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ ធ្វើ​ប្រជា​ភិថុត​ រៃ​អង្គាសប្រាក់ ជេរ​រាស្ត្រ ​មិន​គោរព​តាម​ការ​សន្យា កេង​ប្រវ័ញ្ច​ពី​រាស្ត្រ​ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​តែ​ខ្លួន​និង​បក្ស​ពួក​ខ្លួន​។ ​ពេល​ខ្លះ​ពួក​គេ​និយាយ​តែ​ល្អ​ពី​ខ្លួនឯង ចំណែក​អ្នក​ដទៃ​ខុស​ទាំងអស់។ ដើម្បី​មុខ​មាត់​សុខ​ចិត្ត​ក្លាយ​ជាឃាតករ ឬ​បំបិតសេរី​ភាព​របស់​អ្នក​ដទៃ ឬ​រាយការណ៍​បំផ្លើស​ការពិត ឬរាយការណ៍​គ្មាន​សល់អ្វី​ទាំងអស់។

៣. អង្គការ​មិន​មែន​រដ្ឋាភិបាល

អង្គការ​មិនមែន​រដ្ឋាភិបាល​ច្រើន​ជា​ង​២០០០​បាន​ចុះ​ឈ្មោះ​ និង​កំពុង​ដំណើរក្នុង​ប្រទេស។ ក្រៅ​ពី​បំពេញ​កាតព្វកិច្ច​មនុស្ស​ធ៌ម ការអភិវឌ្ឍ អប់រំ និង​តស៊ូមតិ… អង្គការ​/សមាគម​ខ្លះ​បាន​ចូល​រួម​កិច្ច​ការ​បក្ស​នយោបាយ​ ដើម្បី​លាភ​សក្ការៈ។ អង្គការ​/សមាគម​មួយចំនួន​បាន​កិប​កេង​ជំនួយ​ដែល​ផ្តល់​ដល់​ក្រុម​គោល​ដៅ​ជា​ស្ត្រី កុមារ ចាស់ជរា អ្នក​ជំងឺ ឬ​អ្នក​រងគ្រោះ​ដទៃ​ទៀត។ អង្គការ/សមាគម​ខ្លះ​ទៀត ដើម្បី​ជំនួយ​ត្រូវ​ចេះ​ផ្តួល​អង្គការ​ផ្សេងទៀត​ដែល​មាន​សកម្ម​ភាព​ការងារ​ប្រហាក់​ប្រហែល​គ្នា​ ឬ​ត្រូវប្រឹង​ប្រែង​បង្ហាញ​ថា​ស្ថាប័ន​របស់​ខ្លួន​ល្អ​ជា​ស្ថាប័ន​ដទៃ ជា​ពិសេស​មិន​ចេះ​ជួយ​គ្នា​ពេល​ដែល​មាន​បញ្ហាកើតឡើង។

យើង​អាច​ក្រលេក​ទៅ​មើល​ ការ​តស៊ូមតិ​ចំពោះ​ច្បាប់​ស្តី​អំពី​អង្គការ​/សមាគម និង​ច្បាប់​សហជីព មាន​អង្គការ​មិន​ច្រើន​ទេ​ដែល​ឈឺ​ឆ្អាល​នឹង​រឿង​នេះ​ ជាពិសេស​អង្គការ​ដែល​ធ្វើ​ការ​រឿង​សិទ្ធិមនុស្ស​ បរិស្ថាន ការ​តស៊ូមតិ ច្បាប់ ព្រៃ​ឈើ និងអង្គការ​សហគម​មួយ​ចំនួន ចំណែក​អង្គការ​ដែល​បម្រើ​ក្នុង​វិស័យ​សុខភាព​និង​ការ​អភិវឌ្ឍ​ដេក​លក់​អស់គ្នា​អើ​ពើ។ មាន​ប្រធាន​អង្គការ​មួយ​ប្រាប់​យើង​ថា វា​មិន​ប៉ះ​ពាល់​ដល់​ស្ថាប័ន​គាត់​ទេ ព្រោះ​គាត់​ធ្វើ​ការ​អប់​រំ​តែ​សុខភាព​និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​រក​សេវា​ អ្នក​ដែល​ប៉ះពាល់​ខ្លាំង​នាំ​គ្នា​ធ្វើ​ទៅ​ ព្រោះ​វា​ជា​រឿង​របស់​ពួក​គេ។

កាល​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​ការ​សម្លាប់​លោក ឈុត វុទ្ធី មាន​អង្គការ​ជា​ច្រើន​គេ​សម្តែង​ការ​មិន​ពេញ​ចិត្ត​និង​ថ្កោល​ទោស​ដល់​ជន​ដៃ​ដល់និង​អ្នកបញ្ជា ពេលនោះមាន​ប្រធាន​សម្ព័ន្ធ​អង្គការ​មួយ​ដែល​ធ្វើ​ការងារ​ផ្តោតលើ​ជំងឺ​អេដស៍​ បន្ទាប់​ពី​ទទួល​បាន​សំណើរ​ពី​សមាជិកនិងអ្នកពាក់​ព័ន្ធ​​ថា វា​មិន​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​អេដស៍​នេះ​ទេ រឿង​នេះ​គួរតែ​អង្គការ​សិទ្ធិ​មនុស្ស​ជាអ្នក​ធ្វើ​ទៅ​បាន​ហើយ ចាំ​ពេល​ណា​អ្នក​ជំងឺអេដស៍​គ្មាន​ថ្នាំ​ផឹក គ្មាន​បាយ​ហូប​ទើប​វា​ជាការ​ងារ​របស់​ពួក​យើង។

៤. វិស័យ​ឯកជន​

ដើម្បី​សម្រេច​គោល​ដៅ​អាជីវកម្ម​របស់​ខ្លួន អ្នក​វិនិយោគ​ខ្លះ​មិន​ខ្វល់​ពី​សុខ​ភាព​ប្រជាជន មិន​ខ្វល់​ពី​ផល​ប៉ះពាល់សង្គម​អ្វីឡើយ។ ក្រុម​ហ៊ុន​ស្រា​បាន​ផ្សព្វ​ផ្សាយ​ដល់​អតិ​ថជន​របស់​ខ្លួន​អំពី​រង្វាន់​ដែល​បាន​មក​ដោយ​ងាយ ចំណែកពល​រដ្ឋ​ខ្មែរ​ដែល​ខ្វះ​ការពិចារណា​ខំ​នាំ​គ្នា​ផឹក​ដើម្បី​រង្វាន់ ផល​ប៉ះពាល​បាន​កើត​ឡើង​ដូច​ជា​ គ្រោះ​ថ្នាក់​ចរាច​រ​ រលៀក​ក្រពះ ពោះ​វៀន ហឹង្សា​ក្នុង​គ្រួសារ ចាប់រំលោភ…។ ក្នុង​ករណី​ខ្លះ អ្នក​វិនិយោគ​ទុន​ មិន​ខ្លាច​នឹង​រំលោភ​លើ​ច្បាប់​នោះ​ទេ​ ពួក​គេ​សុខ​ចិត្ត​ផ្តល់​លុយ​ទៅ​អ្នក​មាន​អំណាច​ការពារ​ផល​ប្រយោជន៍​របស់​ពួកគេ តែ​មិន​ផ្តល់​ប្រាក់​ខែ​សមរម្យ​សម្រាប់​កម្មករ​នោះទេ​។

 

ជំងឺអាត្មានិយម​នេះ​ អាច​រលត់​ទៅវិញ​បាន​លុះ​ត្រា​ណា​តែ​ខ្មែរ​ផ្លាស់​ប្តូរ​ការ​គិត ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ ហើយ​ច្បាប់​ត្រូវ​តាក់​តែង​ដើម្បី​មនុស្ស​គ្រប់គ្នា​មិន​មែន​សម្រាប់​ដាក់​ទោស​មនុស្ស​មួយ​ក្រុម​ណា​នោះ​ទេ។ ជា​រឿយៗ ការអប់រំ​គួរតែ​ត្រូវ​បាន​លើក​ស្ទួយនិង​ដាក់​បញ្ចូល​នូវ​កម្ម​វិធី​ល្អៗ ជា​គម្រូរ​សម្រាប់​មនុស្ស​ក្នុង​សង្គម​។ ប្រព័ន្ធផ្សព្វផ្សាយ​គួរតែ​បង្កើត​កម្ម​វិធី​អប់​រំ​ឲ្យ​បាន​ច្រើន​ជាងកម្ម​វិធី​កម្សាន្ត ឬផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ណាដែល​ប៉ះ​ពាល់​តម្លៃ​នៃ​ការ​រស់​នៅ​របស់​នុស្ស​។

កន្ទុយ​លេខ

_MG_0766រលកទីពីរ​បាន​បក​បោក​យ៉ាង​ខ្លាំង បន្ទាប់ពី​រលក​ទីមួយ​ស្ងប់​ស្ងាត់​មួយ​រយៈ​ដោយសារ​តែ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បាន​ដាក់​ចេញ ស្រប​ពេល​ដែល​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ល្បែង​ស៊ីសង​ឆ្នោត​ កន្ទុយលេខ ទូទាំងប្រទេស។

រាល់​ថ្ងៃ​ មនុស្ស​​ម្នា​រ​មួយ​ចំនួន​នៅ​តាម​ភូមិ​ឃុំ​បាន​អង្គុយ​ជុំ​នុំគ្នា​ ពិភាក្សា​អំពី​ការ​យល់​សុបិន្តពីយប់​ រួច​កាត់​ជា​លេខ​ហើយ​នាំ​គ្នា​ចាក់​កន្ទុយ​លេខ ចំណែក​អ្នក​ប្រតិបត្តិ​វិញ​ក៏​មិន​នៅ​ស្ងៀម​ដែរ​ ម្នាក់​មមាញឹក​ក្នុង​ការ​កត់​ត្រា​លេខ ប្រមូល​លុយ និង​ផ្ញើ​សារ​ទៅ​មេ​កន្ទុយលេខ​ឲ្យ​ទាន់​ពេល​វេលា​ ព្រោះ​មួយ​ថ្ងៃៗ​កន្ទុយ​លេខ​ចេញ​ដល់​ទី​៣​ដង​ឯណោះ។

ស្ត្រី​ម្នាក់​ដែល​កំពុង​លក់​បន្លែនៅ​ក្នុង​ភូមិមួយ​របស់​សង្កាត់​ស្ទឹង​មានជ័យ​ មាន​ទឹក​មុខ​មិន​សូវ​រីក​រាយ​បាន​ប្រាប់​ថា ថ្ងៃ​នេះ​មេ​ស៊ីអស់ ស៊ី​តាំងពី​ព្រឹក​មក​អស់​ជាង​ដប់​ម៉ឺន។ មាន​អ្នក​ភូមិ​ផ្សេង​ទៀត​ក៏​មាន​ស្ងាន​ភាព​មិន​ខុស​ពីគាត់​ប៉ុន្មាន​ទេ។ បុរសម្នាក់​មាន​ទឹក​មុខ​រីក​ស្រស់​ដូចគ្រាប់​ជី​ត្រាំទឹក​បាន​និយាយ​ថា៖ ថ្ងៃ​នេះ​ត្រូវ​កន្ទុយ​លេខ​៣លេខ បាន១០០០​ដើម ដែលគិត​ជា​រង្វាន់​ប្រមាណ​ ៦០០០០០​រៀល​។ តែ​នៅ​ពេល​សួរ​គាត់​ថា​ តើ​អ្នក​ត្រូវ​ឆ្នោត​ហ្នឹង​ញឹក​ញាប់​ទេ​ គាត់​បាន​និយាយ​ថា មិន​ទៀង​យូរ​ត្រូវ​ម្តង ពេល​ណាង​ហេង​ទៅ​ត្រូវ​២ដង​ក្នុង​មួយ​សប្តាហ៍។ អ្នក​ភូមិមួយ​ចំនួន​បាន​ខ្ចី​លុយ​ឯកជន​ មាន​ការ​ប្រាក់​ខ្ពស់​ដើម្បី​ធ្វើ​ជា​ដើមទុន​ក្នុង​ភ្នាល់​ចាក់​កន្ទុយ​លេខ​នេះ​។

កន្ទុយ​លេខ​អាច​ជាផ្នែកមួយនៃ​ឬសគល់​នាំ​មក​នូវ​ភាព​ក្រី​ក្រ

ក្រៅពី​កន្ទុយ​លេខ ឆ្នោត​យួន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​វត្ត​មាន​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ទី​ក្រុង​ភ្នំ​ពេញ ដែល​ពី​ដើម​ឡើយ​មាន​តែ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ខ្មែរ​ វៀតណាម​។ ឆ្នោត​ប្រភេទ​នេះ ចូល​មក​ស្រុក​ខ្មែរ​គ្មានច្បាប់​អនុញ្ញាតិ​នោះ​ទេ។ ជា​រៀងរាល់​ថ្ងៃ​ លុយ​រាប់​លានរៀល​ត្រូវ​បាន​គេ​ដឹក​ត្រលប់​ទៅ​ប្រទេស​វៀតណាម​វិញ​ តាម​រយៈ​ការ​លក់​ដូរ​ឆ្នោត​នេះ​។ ចំណែក​នាគ​នាំ​សំណាង​ ក៏មាន​វត្តមាន​ និង​បាន​ចេញ​ផ្សាយ​រាល់​ថ្ងៃ​នៅ​លើ​កញ្ចក់​ទូរទស្ស​ន៍។ នៅ​ខេត្ត​មួយ​ចំនួន​ដូចជា៖​បាត់​ដំបង​ បន្ទាយ​មាន​ជ័យ សៀមរាប… គេ​និយម​លេខ​ឆ្នោត​ថៃ​។

សូម​បញ្ជាក់​ថា​ គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​មាន​៩ចំនុច​សំខាន់។ គោល​ដៅ​ទី​៥ បាន​កំណត់​អំពី​ការទប់​ស្កាត់​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​ភូមិ​ ឃុំ/សង្កាត់។