ជំងឺអាត្មានិយមបានចាក់ឬសគល់យ៉ាងជ្រៅក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ យើងអាចមើលឃើញតាមរយៈការប្រតិបត្តការងារប្រចាំថ្ងៃ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងសង្កេតឃើញថា ភាពអាត្មានិយមកាន់តែអាក្រក់ទៅ បើទោះបីជាយើងឃើញថាមានការជួយគ្នាខ្លះក្នុងសង្គមក៏ដោយ។ ជំងឺអាត្មានិយមនេះបានរីករាលដាលដល់បក្ស ដល់រដ្ឋាភិបាល វិស័យឯកជន និងជាពិសេសគឺសង្គមស៊ីវិល។
១. ជំងឺអាត្មានិយមក្នុងចំណោមពលរដ្ឋខ្មែរ
ពលរដ្ឋខ្មែរមួយចំនួនធំតែងតែមានទស្សនៈថា “ងាប់អាណាងាប់ទៅកុំឲ្យតែងាប់អញនិងក្រុមគ្រួសារអញ” យើងអាចសង្កេតឃើញតាមរយៈការលក់ដូរចំណីប្រចាំថ្ងៃ(ប្រើប្រាស់ផលិតផលគ្មានគុណភាព លៀងសម្អាតបន្លែមិនបានស្អាតល្អ ប្រើប្រាស់សារធាតុគីមីជំនួស…) ការដាំដំណាំឬចិញ្ចឹមសត្វសម្រាប់លក់ ការធ្វើដំណើរតាមផ្លូវ (បើកបរបញ្ច្រាស់ទិស មិនគោរពស្លាកសញ្ញា ភ្លើងសញ្ញា រុលទៅមុខមិនខ្វល់ពីអ្នកដទៃ ពេលមានគ្រោះថ្នាក់មិនទទួលទទួលខុសត្រូវ…) ការរំលោភយកដី កាប់ព្រៃឈើ កេងប្រវ័ញ្ច ឈ្នានីស រំលោភលើចំណីថ្នល់ បោកបន្លំ ពុករលួយ…។ល។ ទាំងនេះធ្វើឡើងដើម្បីភាពរីកចម្រើននៃខ្លួនឯងនិងក្រុមគ្រួសាររបស់ខ្លួន។
២. ជំងឺអាត្មានិយមកើតចេញពីរដ្ឋាភិបាល និងបក្សនយោបាយ
ចំពោះរដ្ឋាភិបាលវិញក៏មិនណយដែរ គឺធ្វើអ្វីៗទាំងអស់ដើម្បីតែខ្លួនឯងជាពិសេសគឺសម្រាប់មនុស្សដែលដឹកនាំស្ថាប័ន ជាក់ស្តែងដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការដោះដូរទីតាំងរបស់រដ្ឋ ការតាកតែងច្បាប់ និទណ្ឌភាព…។ ឧទាហរណ៍៖ ធ្វើផ្លូវមួយខ្សែ ដាក់សួនច្បារកណ្តាលផ្លូវដ៏ធំ សំណួរសួរថានរណាដើរលើសួនច្បារកណ្តាលផ្លូវនេះ? ចម្លើយគឺ ដើម្បីសោភ័ណ្ឌភាពទីក្រុងឬតាមដងផ្លូវ តែចម្លើយជាក់លាក់គឺ ទទួលបានប្រាក់កម្រៃពីថ្លៃដាក់ផ្សាយពាណិជ្ជកម្មលើផ្លូវនេះ។ យើងអាចមើលឃើញនូវទិដ្ឋភាពផ្លូវ៣០ម៉ែត្រក្នុងខេត្តសៀមរាប ទំហំសួនច្បារកណ្តាលផ្លូវប៉ុនគ្នានឹងទំហំទ្រូងផ្លូវសម្រាប់បើកបរ។ នៅលើសួននោះគ្មានអ្វីក្រៅតែពីអាចម័ឆ្កែនិងសម្ភារៈរបស់ពលរដ្ឋដែលរស់តាមដងផ្លូវនោះដាក់ហាលទេ។ ផ្លូវវ៉េងស្រេង សួនច្បារកណ្តាលទ្រូងផ្លូវអាចបើករថយន្តប្រភេទទេសចរណ៍បានមួយគ្រឿង…។ ពេលខ្លះ អ្នកដឹកនាំយកមុខយកមាត់ពីពលរដ្ឋខ្លួនដើម្បីតែអំណាចខ្លួនឯងប៉ុណ្ណោះ។ ឩទាហរណ៍៖ ករណីកញ្ញា សាសា អ្នកដឹកនាំកំពូលៗនាំគ្នាអន្តរាគមឲ្យជនល្មើសចេញខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ តែករណីផ្សេងទៀតលំនាំគ្នាហ្នឹងដែរត្រូវបានគេបំភ្លេចចោលដូចជាករណី អ្នកស្រី ពិសិដ្ឋ ពិលីកា ទូច ស្រីនិច្ច ពៅ បញ្ញាពេជ្រ សកម្មជនជាស្ត្រីនៅបឹងកក់ កម្មកររោងចក្រដែលឈូក បណ្ឌិត បាញ់ជាដើម។
ងាកមកគណបក្សនយោបាយវិញ គណបក្សខ្លះ ដើម្បីក្រុមខ្លួនបានបោកប្រាស់ប្រជាពលរដ្ឋ ធ្វើប្រជាភិថុត រៃអង្គាសប្រាក់ ជេររាស្ត្រ មិនគោរពតាមការសន្យា កេងប្រវ័ញ្ចពីរាស្ត្រដើម្បីធ្វើមានធ្វើបានតែខ្លួននិងបក្សពួកខ្លួន។ ពេលខ្លះពួកគេនិយាយតែល្អពីខ្លួនឯង ចំណែកអ្នកដទៃខុសទាំងអស់។ ដើម្បីមុខមាត់សុខចិត្តក្លាយជាឃាតករ ឬបំបិតសេរីភាពរបស់អ្នកដទៃ ឬរាយការណ៍បំផ្លើសការពិត ឬរាយការណ៍គ្មានសល់អ្វីទាំងអស់។
៣. អង្គការមិនមែនរដ្ឋាភិបាល
អង្គការមិនមែនរដ្ឋាភិបាលច្រើនជាង២០០០បានចុះឈ្មោះ និងកំពុងដំណើរក្នុងប្រទេស។ ក្រៅពីបំពេញកាតព្វកិច្ចមនុស្សធ៌ម ការអភិវឌ្ឍ អប់រំ និងតស៊ូមតិ… អង្គការ/សមាគមខ្លះបានចូលរួមកិច្ចការបក្សនយោបាយ ដើម្បីលាភសក្ការៈ។ អង្គការ/សមាគមមួយចំនួនបានកិបកេងជំនួយដែលផ្តល់ដល់ក្រុមគោលដៅជាស្ត្រី កុមារ ចាស់ជរា អ្នកជំងឺ ឬអ្នករងគ្រោះដទៃទៀត។ អង្គការ/សមាគមខ្លះទៀត ដើម្បីជំនួយត្រូវចេះផ្តួលអង្គការផ្សេងទៀតដែលមានសកម្មភាពការងារប្រហាក់ប្រហែលគ្នា ឬត្រូវប្រឹងប្រែងបង្ហាញថាស្ថាប័នរបស់ខ្លួនល្អជាស្ថាប័នដទៃ ជាពិសេសមិនចេះជួយគ្នាពេលដែលមានបញ្ហាកើតឡើង។
យើងអាចក្រលេកទៅមើល ការតស៊ូមតិចំពោះច្បាប់ស្តីអំពីអង្គការ/សមាគម និងច្បាប់សហជីព មានអង្គការមិនច្រើនទេដែលឈឺឆ្អាលនឹងរឿងនេះ ជាពិសេសអង្គការដែលធ្វើការរឿងសិទ្ធិមនុស្ស បរិស្ថាន ការតស៊ូមតិ ច្បាប់ ព្រៃឈើ និងអង្គការសហគមមួយចំនួន ចំណែកអង្គការដែលបម្រើក្នុងវិស័យសុខភាពនិងការអភិវឌ្ឍដេកលក់អស់គ្នាអើពើ។ មានប្រធានអង្គការមួយប្រាប់យើងថា វាមិនប៉ះពាល់ដល់ស្ថាប័នគាត់ទេ ព្រោះគាត់ធ្វើការអប់រំតែសុខភាពនិងបញ្ជូនអ្នកជំងឺទៅរកសេវា អ្នកដែលប៉ះពាល់ខ្លាំងនាំគ្នាធ្វើទៅ ព្រោះវាជារឿងរបស់ពួកគេ។
កាលពីឆ្នាំ២០១២ បន្ទាប់ពីការសម្លាប់លោក ឈុត វុទ្ធី មានអង្គការជាច្រើនគេសម្តែងការមិនពេញចិត្តនិងថ្កោលទោសដល់ជនដៃដល់និងអ្នកបញ្ជា ពេលនោះមានប្រធានសម្ព័ន្ធអង្គការមួយដែលធ្វើការងារផ្តោតលើជំងឺអេដស៍ បន្ទាប់ពីទទួលបានសំណើរពីសមាជិកនិងអ្នកពាក់ព័ន្ធថា វាមិនពាក់ព័ន្ធនឹងកម្មវិធីអេដស៍នេះទេ រឿងនេះគួរតែអង្គការសិទ្ធិមនុស្សជាអ្នកធ្វើទៅបានហើយ ចាំពេលណាអ្នកជំងឺអេដស៍គ្មានថ្នាំផឹក គ្មានបាយហូបទើបវាជាការងាររបស់ពួកយើង។
៤. វិស័យឯកជន
ដើម្បីសម្រេចគោលដៅអាជីវកម្មរបស់ខ្លួន អ្នកវិនិយោគខ្លះមិនខ្វល់ពីសុខភាពប្រជាជន មិនខ្វល់ពីផលប៉ះពាល់សង្គមអ្វីឡើយ។ ក្រុមហ៊ុនស្រាបានផ្សព្វផ្សាយដល់អតិថជនរបស់ខ្លួនអំពីរង្វាន់ដែលបានមកដោយងាយ ចំណែកពលរដ្ឋខ្មែរដែលខ្វះការពិចារណាខំនាំគ្នាផឹកដើម្បីរង្វាន់ ផលប៉ះពាលបានកើតឡើងដូចជា គ្រោះថ្នាក់ចរាចរ រលៀកក្រពះ ពោះវៀន ហឹង្សាក្នុងគ្រួសារ ចាប់រំលោភ…។ ក្នុងករណីខ្លះ អ្នកវិនិយោគទុន មិនខ្លាចនឹងរំលោភលើច្បាប់នោះទេ ពួកគេសុខចិត្តផ្តល់លុយទៅអ្នកមានអំណាចការពារផលប្រយោជន៍របស់ពួកគេ តែមិនផ្តល់ប្រាក់ខែសមរម្យសម្រាប់កម្មករនោះទេ។
ជំងឺអាត្មានិយមនេះ អាចរលត់ទៅវិញបានលុះត្រាណាតែខ្មែរផ្លាស់ប្តូរការគិត ចាប់ផ្តើមអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ហើយច្បាប់ត្រូវតាក់តែងដើម្បីមនុស្សគ្រប់គ្នាមិនមែនសម្រាប់ដាក់ទោសមនុស្សមួយក្រុមណានោះទេ។ ជារឿយៗ ការអប់រំគួរតែត្រូវបានលើកស្ទួយនិងដាក់បញ្ចូលនូវកម្មវិធីល្អៗ ជាគម្រូរសម្រាប់មនុស្សក្នុងសង្គម។ ប្រព័ន្ធផ្សព្វផ្សាយគួរតែបង្កើតកម្មវិធីអប់រំឲ្យបានច្រើនជាងកម្មវិធីកម្សាន្ត ឬផ្សព្វផ្សាយពាណិជ្ជកម្មណាដែលប៉ះពាល់តម្លៃនៃការរស់នៅរបស់នុស្ស។